ប្រមុខមន្ទីរបញ្ចកោណ ថា ទ័ពអាមេរិកជិត២០០នាក់ចូលទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ ហើយគ្មានទាហានណាម្នាក់ស្លាប់ទេ

វ៉ាស៊ីងតោន ៖ ប្រមុខមន្ទីរបញ្ចកោណ បានអះអាង កាលពីថ្ងៃចន្ទថា ទាហានអាមេរិកជិត២០០នាក់ បានចូលទៅក្នុងទីក្រុងការ៉ាកាស ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ហើយគ្មានទាហានអាមេរិកណាម្នាក់ បានស្លាប់នោះទេ នៅក្នុងប្រតិបត្តិការពិសេសនោះ។

លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក បាននិយាយថា បុគ្គលិកយោធាអាមេរិកជិត ២០០នាក់ បានចូលទៅរដ្ឋធានី ការ៉ាកាស នៃប្រទេសវេណេស៊ុយអេឡា ជាផ្នែកមួយ នៃប្រតិបត្តិការ ដើម្បីចាប់ខ្លួនមេដឹកនាំ ដែលគេចោទថា ឆ្វេងនិយម គឺ លោក នីកូឡាស់ ម៉ាឌូរ៉ូ។

លោករដ្ឋមន្ត្រី បានប្រាប់ហ្វូងមនុស្ស ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋានទ័ពជើងទឹក ក្នុងរដ្ឋ វាជីនៀ ថា «ជនជាតិអាមេរិក ដ៏អស្ចារ្យបំផុត របស់យើងជិត ២០០ នាក់បានទៅទីប្រជុំជន ក្នុងទីក្រុង ការ៉ាកាស់ ហើយ ចាប់បានជនជាប់ចោទ ដែលតុលាការអាមេរិកតាមចាប់ខ្លួន ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ដោយមិនមានជនជាតិអាមេរិកម្នាក់ ត្រូវបានសម្លាប់ នោះឡើយ»។

ប្រធានាធិបតីវេណេស៊ុយអេឡា ដែលត្រូវអាមេរិកដកហូតតំណែង ទាំងបង្ខំ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញខ្លួន នៅក្នុងតុលាការ ទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ។ លោកបានអះអាងថា មិនមានកំហុស ចំពោះការចោទប្រកាន់រឿងជួញដូរគ្រឿងញៀន និង ការចោទប្រកាន់ផ្សេងៗទៀត នោះទេ។ ជាការបង្ហាញខ្លួន នៅពីរថ្ងៃ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងពេលវាយឆ្មក់ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កណ្តាលទីក្រុងការ៉ាកាស។

បុរស អាយុ ៦៣ឆ្នាំ រូបនេះ បានប្រាប់ចៅក្រមសហព័ន្ធនៅ Manhattan ដដែលៗ ថា «ខ្ញុំគ្មានកំហុសទេ.. ខ្ញុំមិនមានកំហុសទេ»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner