តួកគី ជោគជ័យធ្វើតេស្តយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងបង្អស់លើលោក
អង់ការ៉ា ៖ តួកគី បានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលទទួលបានជោគជ័យ ក្នុងការធ្វើតេស្តហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកចំនួន ២ គ្រឿងកាលពីចុងឆ្នាំ ២០២៥ ។
បើតាមសារព័ត៌មាន Turkiye Today, យន្តហោះចម្បាំងគ្មានមនុស្សបើកទាំងពីរគ្រឿងនេះ មានឈ្មោះថា Kizilelma ផលិតដោយក្រុមហ៊ុនការពារជាតិតួកគី Baykar ។ វាមានទម្ងន់សរុបប្រមាណ ៨,៥០០ គីឡូក្រាមក្នុងមួយគ្រឿង អាចផ្ទុកទម្ងន់ប្រហែល ១,៥០០ គីឡូក្រាម និងធ្វើប្រតិបត្តិការហោះហើរច្រើនជាង ៣ ម៉ោង ក្នុងរយៈកម្ពស់ប្រហែល ១ ម៉ឺន ៤ ពាន់ម៉ែត្រ ។
យន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma ដំណើរការដោយម៉ាស៊ីន Turbofan បំពាក់ដោយបច្ចេកវិទ្យា AI ដ៏ទំនើប ដែលមានសមត្ថភាពហោះលឿនជាងសំលេងជិត ១ ដង ឬស្មើនឹង១,១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចពាំគ្រាប់មីស៊ីលរត់ល្បឿនលឿនជាងសំឡេង ០.៦ ដង ឬស្មើនឹង ៧៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
បើតាម Baykar Tech, ការផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma ក្នុងទ្រង់ទ្រាយធំ ទំនងជាបានចាប់ផ្តើមជាផ្លូវការកាលពីចុងឆ្នាំ ២០២៤ មកម្ល៉េះ ជាមួយនឹងគោលដៅផលិតឱ្យបានយ៉ាងហោចណាស់ចំនួន ១០ គ្រឿងនៅត្រឹមឆ្នាំ ២០២៦ ។
ការដាក់ពង្រាយយន្តហោះ Kizilelma ឱ្យចូលរួមក្នុងប្រតិបត្តិការទាំងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ កងទ័ពជើងអាកាស និងជើងទឹកតួកគី រំពឹងនឹងធ្វើឡើង ក្នុងអំឡុងឆ្នាំ ២០២៦ នេះតែម្តង ៕
ប្រភព ៖ turkiye today និង baykartech ប្រែសម្រួល ៖ ឈឹម ទីណា
