អាមេរិកបញ្ចេញវីដេអូបញ្ជូនលោក ម៉ាឌូរ៉ូ ទៅតុលាការក្រុងញូវយ៉ក
ញូវយ៉ក ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ចេញវីដេអូបង្ហាញខ្លួនលោក ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ អមដំណើរដោយមន្ត្រីអនុវត្តច្បាប់ប្រដាប់ដោយអាវុធធុនធ្ងន់ទៅកាន់តុលាការមួយក្នុងទីក្រុងញូវយ៉ក ធ្វើដំណើរតាមរយៈឧទ្ធម្ភាគចក្រ និងរថពាសដែក ។
មេដឹកនាំវេណេស៊ុយអេឡាដែលត្រូវបានទម្លាក់ពីអំណាចរូបនេះ បានធ្វើដំណើរទៅដល់តុលាការញូវយ៉ក កាលពីថ្ងៃចន្ទ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានចាប់ខ្លួននៅទីក្រុងការ៉ាកាស កំឡុងប្រតិបត្តិការយោធាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អាមេរិក ។
ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ បានក្លាយជាការត្រួសត្រាយផ្លូវសម្រាប់ផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងប្រទេសមានប្រេងបម្រុងច្រើនជាងគេបំផុតលើពិភពលោកមួយនេះ ។
លោក ម៉ាឌូរ៉ូ មានវ័យ ៦៣ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន រួមជាមួយភរិយារបស់គាត់ គឺលោកស្រី ស៊ីលីយ៉ា ផ្ល័ររេស ។
អ្នកទាំងពីរត្រូវបាននាំខ្លួនចេញពីរដ្ឋធានីការ៉ាកាស របស់វេណេស៊ុយអេឡាទាំងបង្ខំ នៅពេលយោធាអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំ កាលពីថ្ងៃទី៣ ខែមករា ដោយក្នុងអំឡុងពេលនោះ កងកុម្ម៉ង់ដូបានវាយប្រហារដោយឧទ្ធម្ភាគចក្រ ហើយមានការគាំទ្រពីយន្តហោះចម្បាំង និងកងកម្លាំងជើងទឹក ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងជំទាវទី១ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
