មិនមែនរស់ក្នុងអតីតកាល តែអតីតកាលជាមេរៀនសម្រាប់ការចងចាំ
ភ្នំពេញ៖ ទោះជាកន្លងផុតជិតកន្លះសតវត្សក្តី ក្នុងចំណោមរូបថតឯកសារជាច្រើនរាប់ពុំអស់ ,មានរូបថតពីរសន្លឹកបានរំលឹកនូវការចងចាំជាប្រវត្តិសាស្រ្តពុំអាចបំភ្លេចបាន ហើយក៏បានក្លាយជារូបថតនិមិត្តរូបនៃការចងចាំផងដែរ ។ នោះគឺរូបថតនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរូបថតនៃការទទួលបានសិទ្ធសេរីភាពមកវិញរបស់ប្រជាជនកម្ពុជា។
រូបថតសន្លឹកទី១ ជារូបបង្ហាញទិដ្ឋភាពវីរកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលដឹកនាំដោយសម្ដេចចក្រី ហេង សំរិន សម្ដេចធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាដទៃទៀត អមដោយរថក្រោះនាខាងមុខព្រះបរមរាជវាំង ដែលទៅដល់ការចងចាំថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ ។ជាការចងចាំពីព្រោះប្រជាជននិងប្រទេសកម្ពុជាបានស្ថិតនៅមាត់ជ្រោះនៃការសម្លាប់ដោយមិនរើសមុខដោយរបបអ“កម្ពុជាប្រជាធិបតេយ្យ” ៣ឆ្នាំ៨ខែ២០ថ្ងៃ បានរស់រានមានជីវិតឡើងវិញ និងប្រទេសត្រូវបានរំដោះពីសមុទ្រឈាម និងទឹកភ្នែក។
ប្រជាជនកម្ពុជាដែលមានវ័យលើសពី៦០ឆ្នាំ ឬក្រោម៦០ឆ្នាំបន្តិច ពិតជានៅចងចាំបានថា ថ្ងៃ១៧ មេសា ១៩៧៥ ប្រជាជនកម្ពុជាទូទាំងប្រទេសសប្បាយត្រេកអរនិងចេញមកសាទរយ៉ាងក្រៃលែងចំពោះកងទ័ពរំដោះ ដែលផ្តួលរំលំរបបសាធារណរដ្ឋខ្មែរកើតចេញពីរដ្ឋប្រហារ១៨មីនា១៩៧០ ។ប៉ុន្តែតែប៉ុន្មាននាទីក្រោយមក សំណើច និងសំឡេងស្វាគមន៍ទាំងឡាយព្រមទាំងក្តីស្រមៃថានឹងទទួលបាននូវសុខសន្តិភាពនិងភាពរុងរឿងឡើងវិញ ត្រូវបានជំនួសដោយសំឡេងឧឃោសនសព្ទនៃទាហានខ្មែរក្រហមស្រែកសន្ធាប់បណ្ដេញប្រជាជនឱ្យចាកចេញពីផ្ទះសម្បែងយ៉ាងតក់ក្រហល់។
គួរឱ្យខកចិត្តបំផុត ,ប្រជាជនទាំងអស់ត្រូវបានជម្លៀសទៅកាន់តំបន់ជនបទដាច់ស្រយាល។មេដឹកនាំខ្មែរក្រហមបានឆក់ប្លន់ជ័យជម្នះ១៧មេសា និងក្តីសង្ឃឹមទាំងឡាយរបស់ប្រជាជាតិ ហើយបង្កើតនូវរបបវាលពិឃាត៣ឆ្នាំ៨ខែ២០ថ្ងៃ ។ប្រជាជនស្លូតត្រង់ ក្មេងចាស់ ប្រុសស្រី សូម្បីតែទារកជាង៣លាននាក់ត្រូវបានសម្លាប់យ៉ាងឃោរឃៅ និងអយុត្តិធម៌ ដូចមាន អតីតមន្ទីរឃុំឃាំងម-១៣ ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ,សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ស្ថិតនៅរាជធានីភ្នំពេញ និងរណ្ដៅសាកសព មន្ទីរធ្វើទារុណកម្មរាប់រយកន្លែងនៅទូទាំងប្រទេស ជាភស្តុតាងស្រាប់។
ដូច្នេះពេលមើលរូបថតសន្លឹកទី១ បានធ្វើឱ្យប្រជាជនកម្ពុជានឹកជានិច្ចដល់ថ្ងៃជ័យជម្នះ៧មករា ទោះជា៧ មករា ឆ្នាំ២០២៦ មានរយៈពេល៤៧ឆ្នាំក្តី ។ចងចាំចំពោះការលះបង់របស់សម្ដេចចក្រី ហេង សំរិន សម្ដេចធម្មពោធិសាល ជា ស៊ីម សម្ដេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាច្រើនរូបផ្សេងទៀត ដែលបានរួបរួមកម្លាំងបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨។ ជាអង្គការចាត់តាំងស្របច្បាប់តែមួយគត់បានដឹកនាំវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ស្មារតីជ័យជម្នះ៧មករា បានស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ចនិរន្ត៍។ ប្រជាជនកម្ពុជាប្រសិទ្ធនាមថា « ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ខ្លួន»។ មានជ័យជម្នះ៧មករា ទើបប្រជាជនកម្ពុជាមានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ ។
រូបថតសន្លឹកទី២ គឺរូបភាពបង្ហាញនូវការវិលត្រលប់មកកាន់ផ្ទះសម្បែងវិញបន្ទាប់ពីកម្ពុជាត្រូវបានរំដោះនាថ្ងៃទី៧ មករា ១៩៧៩។រូបភាពបង្ហាញពីប្រជាជនបានធ្វើដំណើរកាន់ស្រុកកំណើតវិញ ដោយប្រើប្រាស់គ្រប់មធ្យោបាយផ្ទាល់ខ្លួនដូចជា ទូល រែក អូសដោយរទេះ ជាដើម។ប្រជាជនភាគច្រើនស្គមស្គាំង ដោយការបាក់កម្លាំងព្រោះពលកម្មដ៏ធ្ងន់ធ្ងរ ,មិនមានអាហារគ្រប់គ្រាន់។សម្លៀកបំពាក់ខ្មៅរហែករយ៉ៃ ,រខេករខាក។ កុមារៗឃើញតែក្បាល ធំជាងដងខ្លួននិងស្លេកស្លាំង ភ្នែកសល្អក់។
ប៉ុន្តែរូបភាពនេះបានរំលឹកនូវការចងចាំថ្ងៃជីវិតទី២ គឺថ្ងៃ៧មករា ១៩៧៩ ។ការចងចាំដែលដក់ជាប់រហូត៤៧ ឆ្នាំ ហើយនឹងបន្តទៅមុខតជំនាន់។
ឃើញរូបភាពនឹកដល់ភ្លាមនូវបទចម្រៀង “ឱ! ភ្នំពេញអើយ” ដែលមានអត្ថិភាពមិនសាបសូន្យមកដល់បច្ចុប្បន្ន ។សន្លឹករូបថតនេះ បើទោះជាបង្ហាញពីភាពលំបាកក្រខ្សត់ តែមិនមែនជាការភ័យខ្លាចដូចសម័យកាល៣ឆ្នាំ៨ខែ២០ថ្ងៃនោះដែរ ។លំបាកតែរីករាយ ដោយសារប្រជាជនកម្ពុជាបានឆ្លងផុតវាលពិឃាត ។ប្រជាជនកម្ពុជាទទួលបានសិទ្ធសេរីភាពពេញលេញ, សិទ្ធិជាមូលដ្ឋានមកវិញ បន្ទាប់ពីត្រូវបានឆក់ប្លន់ដោយរបបប្រល័យពូជសាសន៍ប៉ុល ពត ។ទោះបីជាត្រូវកសាងជីវភាពគ្រួសារពីបាតដៃទទេរ តែប្រជាជនគ្រប់រូបរំភើប និងពេញចិត្តក្នុងការចាប់ផ្តើមជីវិតថ្មី ។
សម្លឹងរូបថតសន្លឹកទី២នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើនបច្ចុប្បន្ន និងមានមោទនភាពចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត ,រដ្ឋកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា ពិសេសថ្នាក់ដឹកនាំ និងគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំកសាងប្រទេសឡើងវិញពីគំនរផេះផង់ ,ពីចំណុចក្រោមសូន្យ រហូតមានអ្វីគ្រប់យ៉ាងនាសព្វថ្ងៃ។
ការរំលឹកដល់ថ្ងៃ២ធ្នូ១៩៧៨ ,ថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ ,មិនមែនជាការចាប់បង្ខំយើងឱ្យរស់នៅក្នុងអតីតកាលទេ តែអតីតកាលជាសំឡេងជួងពញ្ញាក់ស្មារតីយើងនៅពេលលក់លង់ឬភ្លេចខ្លួន។
មេរៀនអតីតកាលបានចង្អុលប្រាប់យើងពីរឿងរ៉ាវជាច្រើនដែលជាតិនិងប្រជាជនយើងឆ្លងកាត់, មានលំបាកជូរចត់និងដំណោះស្រាយជាសារវន្តជាដើម ។អតីតកាលបានរំលេចឱ្យឃើញនូវតួអង្គដ៏សំខាន់,រំលេចពីវីរភាពនៃអ្នកស្នេហាជាតិពិតប្រាកដ…ដែលខាំស្មៅតស៊ូរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។ជួយរំលែកពេលលំបាក និងចូលរួមរីករាយជាមួយគ្នាពេលសុខសាន្ត។
ក្រឡេកមើលអតីតកាលថ្ងៃរំដោះ៧ មករា ១៩៧៩ បានធ្វើយើងមានមោទនភាពចំពោះអ្វីដែលយើងទទួលបាននាពេលនេះ ពិសេសបណ្ដាសមិទ្ធផលធំដែលជាផ្លែផ្កានៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលក្រោមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
អតីតកាលបានប្រាប់យើងថា មានគោលនយោបាយ,មានកម្មវិធីនយោបាយត្រឹមត្រូវនិងមានការដឹកនាំឈ្លាសវៃប៉ិនប្រសប់របស់ប្រមុខរដ្ឋាភិបាល បម្រើបុព្វហេតុនៃសុខក្សេមក្សាន្តរបស់ប្រជាជន និងការពូនជ្រុំកម្លាំងមហាសាមគ្គីជាតិខ្មែរជាធ្លុងមួយក្រោមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ “ និងការថែរក្សាឱ្យបាននូវសន្ដិភាព ,ការអភិវឌ្ឍគ្រប់វិស័យ ,កោសិការប្រកបដោយសក្ដានុពលតែប៉ុណ្ណោះ ទើបព្រះរាជាណាចក្រកម្ពុជាកាន់តែរឹងមាំ មិនមានអាចមាននរណាប្រមាថបាន៕
ដោយ៖ទាវ សារៈមុនី
