កម្ពុជាអញ្ជើញភាគីថៃសារជាថ្មីឲ្យមកជជែកគ្នាបន្តអំពីការងារខណ្ឌសីមាព្រំដែន
បន្ទាប់ពីថៃបដិសេធការអញ្ជើញលើកទី១ កម្ពុជាបានស្នើទៅភាគីថៃសារជាថ្មីដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករានេះ នៅខេត្តសៀមរាប។ ដើមឡើយ កម្ពុជាចង់រៀបចំការប្រជុំនេះនៅសប្តាហ៍ទី១ ខែមករា ប៉ុន្តែភាគីថៃបានស្នើសុំលើកពេល ដោយយកលេសថា រង់ចាំនីតិវិធីផ្ទៃក្នុងសិន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសនេះមានគោលបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួន ជាពិសេសពិភាក្សាលើការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហា ដែលយោធាថៃបាន និងកំពុង ធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។
កម្ពុជាក៏ចង់ជជែកគ្នាផងដែរអំពីការបន្តចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
ម៉្យាងទៀត កិច្ចពិភាក្សាអាចផ្តោតលើការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 33-37 (នៅតំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា, តំបន់ព្រំដែនអូរភ្លុកដំរី និងតំបន់ព្រំដែនច១ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រមទាំងតំបន់ព្រំដែនផ្សេងទៀត។
ក្រៅពីនេះ ភាគីកម្ពុជាជំរុញការពិភាក្សាអំពីការបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕
ដោយ៖ម៉ាដេប៉ូ