កម្ពុជាប្តឹងទៅស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិជុំវិញការរំលោភបំពានរបស់យោធាថៃ

ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់ថា ទាហានថៃបានលុកលុយទន្ទ្រានចូលក្នុងលំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជាម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។

ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញ ពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវ ការបណ្តេញចេញពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និង កាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ទង្វើរបស់យោធាថៃទាំងអស់នេះ គឺជាការរំលោភលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩០៧, អនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ច្បាប់អន្តរជាតិទាំងអស់នេះ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ និងត្រូវទទួលបានការការពារពីការជ្រៀតជ្រែកលើលំនៅឋាន ការរឹបអូស ឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។

ដោយមានការណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់ ឯកឧត្តម Volker Türk ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើករណីដូចបានរៀបរាប់ខាងលើ។

នៅក្នុងពាក្យបណ្តឹងនោះ កម្ពុជាបានស្នើឱ្យយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិធ្វើអន្តរាគម៍ដូចតទៅ ៖

១. ពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការរំលោភបំពាន និង ការបំផ្លិចបំផ្លាញ ពីសំណាក់ប្រទេសថៃ លើសិទ្ធិមានលំនៅឋានសមរម្យ និងសិទ្ធិជាម្ចាស់ កម្មសិទ្ធិក្នុងប្រទេសកម្ពុជា។

២. ស្នើឱ្យមានការចូលរួមរវាងយន្តការអង្គការសហប្រជាជាតិ និងរដ្ឋពាក់ព័ន្ធនានា ក្នុងការបញ្ឈប់ ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិលត្រឡប់ចូលលំនៅឋានវិញ។

៣. ស្នើឱ្យប្រទេសថៃដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវរាល់ការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិល និងធានាការវិលត្រឡប់វិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកកម្ពុជា។

៤. បញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្ដឹង និងរបាយការណ៍នានាថា ជាករណីមួយនៃការរំលោភ យ៉ាងធ្ងន់ធ្ងរលើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។

៥. ជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការ ផ្តល់នូវសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសង្កត់ធ្ងន់ថា សិទ្ធិមានលំនៅឋាន គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន មិនមែនជាគោលដៅយោធាឡើយ ហើយការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិលនិងការបណ្តេញចេញដោយបង្ខំ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលទាមទារការឆ្លើយតបទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពពីគ្រប់យន្តការពាក់ព័ន្ធ និងពីសហគមន៍អន្តរជាតិ។

ចំពោះភាពអសកម្ម និងយឺតយ៉ាវ ក្នុងការឆ្លើយតបចំពោះអំពើឈ្លានពានដ៏គឃ្លីនរបស់ប្រទេសថៃ មកលើបូរណភាពទឹកដី និងប្រជាជនស៊ីវីលកម្ពុជា បាននិងកំពុងបំផ្លាញជំនឿទុកចិត្តលើប្រព័ន្ធការពារ សិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះ ភាពស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការអនុញ្ញាតឱ្យមាន និទណ្ឌភាព ភាពអយុត្តិធម៌ និងស្តង់ដាពីរ ដែលធ្វើឱ្យច្បាប់អន្តរជាតិបាត់បង់សុពលភាព និងគំរាមកំហែង ដល់សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ពិភពលោក។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមអំពាវនាវយ៉ាងទទូចឱ្យរាល់យន្តការ និងសហគមន៍អន្តរជាតិចាត់វិធានការយ៉ាង ម៉ឺងម៉ាត់បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត សិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្តី ថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា និងធានាឱ្យមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ ចំពោះអំពើ រំលោភបំពានទាំងឡាយដែលបង្កឡើងដោយកងកម្លាំងយោធាថៃ៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner