កូឡុំប៊ីប្រកាសត្រៀមខ្លួនរួចរាល់ ក្នុងជម្លោះប្រដាប់អាវុធជាមួយអាមេរិក
បូហ្គោតា ៖ មេដឹកនាំកូឡុំប៊ីបានព្រមានកាលពីថ្ងៃចន្ទថា កូឡុំប៊ីបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់កាន់អាវុធតតាំងនឹងការសម្លុតគំរាមរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានបញ្ជាឱ្យចាប់ខ្លួនមេដឹកនាំប្រទេសជិតខាងវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ កំឡុងការវាយប្រហារយោធាទ្រង់ទ្រាយធំកាលពីចុងសប្តាហ៍មុន ។
លោក ហ្គូស្តាវ៉ូ ផេត្រូ ប្រធានាធិបតីកូឡុំប៊ី និងជាអតីតកងទ័ពឧទ្ទាមម្នាក់ ដែលរងការសម្លុតគំរាមជាច្រើនខែមកហើយពីសំណាក់លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម X ថា រូបលោកធ្លាប់បានស្បថថា នឹងមិនប៉ះអាវុធម្តងទៀតទេ ប៉ុន្តែសម្រាប់ជាតិមាតុភូមិ… គាត់នឹងកាន់អាវុធម្តងទៀត ។
ការព្រមានរបស់មេដឹកនាំកូឡុំប៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបោះពាក្យសម្តីគំរាមថា លោក ផេត្រូ គួរតែ «ប្រយ័ត្នខ្លួន» ហើយបានពិពណ៌នាមេដឹកនាំឆ្វេងនិយមដំបូងគេរបស់ប្រទេសកូឡុំប៊ីនេះថា ជា «បុរសឈឺម្នាក់ដែលចូលចិត្តផលិតកូកាអ៊ីន ហើយលក់វាទៅឱ្យសហរដ្ឋអាមេរិក ។
ក្រៅពីគំរាម លោកប្រធានាធិបតី ត្រាំ កន្លងមក ក៏បានចោទប្រកាន់មេដឹកនាំកូឡុំប៊ីរូបនេះ ដោយមិនបានផ្តល់ភស្តុតាងផងដែរថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងបានចាត់វិធានការក្តៅ ទាំងជាមួយលោក ផេត្រូ និងក្រុមគ្រួសាររបស់គាត់ ដោយទណ្ឌកម្មហិរញ្ញវត្ថុ ។
ម្យ៉ាងវិញទៀត រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏មានទំនាក់ទំនងជិតស្និទ្ធនឹងក្រុមប្រឆាំងស្តាំនិយមនៅក្នុងប្រទេសកូឡុំប៊ីផងដែរ ដែលបច្ចុប្បន្នកំពុងមានក្តីសង្ឃឹមខ្ពស់ ដើម្បីយកឈ្នះការបោះឆ្នោតនីតិបញ្ញត្តិ និងប្រធានាធិបតីនៅឆ្នាំ ២០២៦នេះ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
