កូនប្រុស លោក នីកូឡាស់ ជឿថា ឪពុករបស់ខ្លួននឹងត្រលប់មកវេណេស៊ុយអេឡាវិញ
ការ៉ាកាស ៖ កូនប្រុសរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយ ដោយជឿជាក់ថា ឪពុករបស់ខ្លួននឹងត្រឡប់មកប្រទេសវេណេស៊ុយអេឡា វិញ។
លោក Nicolas Maduro Guerra ដែលកូនប្រុស របស់ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានអះអាង កាលពីថ្ងៃអង្គារថា «ម្តាយ និងឪពុករបស់លោកនឹងត្រលប់ មកពីសហរដ្ឋអាមេរិក ចូលមកប្រទេសវិញ។ ប៉ុន្តែ នៅទីនោះ ប្តី ប្រពន្ធទាំងពីររូប កំពុងប្រឈមមុខ នឹងតុលាការសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចាប់ខ្លួន ដោយកងកម្លាំងសហរដ្ឋអាមេរិក បង្កការភ្ញាក់ផ្អើល ពាសពេញពិភពលោក។
សមាជិកសភា រូបនេះ បញ្ជាក់ថា «ពួកលោកនឹងត្រឡប់មកវិញ យើងនឹងធ្វើជាសក្ខីភាព នៃ ពេលវេលាប្រវត្តិសាស្ត្រនេះ» ដោយលោកហាក់ជឿជាក់ បែបជំនឿសាសនា ដោយបានលើកឡើងពីព្រះដ៏មានមហិទ្ធិឫទ្ធិ។
លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានទម្លាក់ចេញពីតំណែង យ៉ាងតក់ក្រហល់ កាលពីថ្ងៃសៅរ៍ នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ហើយកងទ័ពប្រទេសមហាអំណាចមួយនេះ បានចូលទៅចាប់ខ្លួន រូបលោក និងភរិយា នៅកណ្តាលរដ្ឋធានីការ៉ាកាស នាំខ្លួនយកទៅកាន់ទីក្រុងញូវយ៉ក ដើម្បីកាត់ទោសពីបទជួញដូរគ្រឿងញៀន។
យ៉ាងណាមិញ នៅមុខតុលាការអាមេរិក កាលពីថ្ងៃអង្គារ បុរសវ័យ ៦៣ឆ្នាំ រូបនេះ អះអាងថា លោកគ្មានកំហុស ហើយ នៅតែជាប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡា ដដែល៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត