ក្រសួងបរិស្ថានជំរុញឱ្យមានការទប់ស្កាត់ និងបង្រ្កាបបទល្មើសឡធ្យូង ដែលជាប្រភពបំផ្លាញធនធានធម្មជាតិ និងព្រៃឈើ

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញឱ្យមន្រ្តីនៅតាមតំបន់ការពារធម្មជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ធ្វើការទប់ស្កាត់និងបង្រ្កាបបទល្មើសឡធ្យូង ដែលប៉ះពាល់ដល់ធនធានធម្មជាតិ និងព្រៃឈើ។

គូសបញ្ជាក់ ក្នុងពិធីដឹកនាំកិច្ចប្រជុំ មន្រ្តីរាជការក្រសួងបរិស្ថានលើកដំបូង សម្រាប់ឆ្នាំថ្មី នៅថ្ងៃទី៥ មករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់ឱ្យមន្ទីរបរិស្ថាន រាជធានី ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងខុសច្បាប់។

ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យមានការបង្កើនការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ពីផលប៉ះពាល់នៃការបង្កើតឡធ្យូង និងការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់ ក្នុងតំបន់ការពារ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីនៅតាមតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់, តាមដាន, ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ, សត្វព្រៃ និងដីព្រៃឈើឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន បានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងបានធ្វើការបង្រ្កាបឡដុតធ្យូង ចំនួន២ទីតាំង ដែលមានឡធ្យូងចំនួន៥ កន្លែង ត្រង់ចំណុចស្រែជើងវ៉ាន់ និងចំណុចស្រែអញ្ចាញម៉ាត់អូរព្រះ ក្នុងឃុំអូរគ្រៀង.ស្រុកអូរគ្រៀងសែនជ័យ.ខេត្តក្រចេះ។

ប្រតិបត្តិការនេះធ្វើឡើងកាលពី ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព ជាពិសេសវិធានការជំរុញ «ភាពបៃតង» ដែលជាសសរស្តម្ភទី២ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ ជំរុញការពង្រីកគម្របបៃតង និងការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner