ក្រសួងមហាផ្ទៃច្រានចោលចំពោះការផ្សព្វផ្សាយ និងកងទ័ពថៃពីការប្រឌិតរឿងដែលថាទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា
ភ្នំពេញ៖ឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះប្រព័ន្ធផ្សព្វផ្សាយថៃ ដែលបានចុះផ្សាយជាបន្តបន្ទាប់ ដោយបំភ្លៃការពិត ក្នុងចរិតបំភាន់ និងមួលបង្កាច់ចោទប្រកាន់ថា កម្ពុជាយកទីតាំងកាស៊ីណូនៅថ្មដា ខេត្តពោធិ៍សាត់។

ថ្លែងនៅថ្ងៃទី៦ ខែមករាឆ្នាំ ២០២៦នេះឯកឧត្តម ទូច សុឃៈបានលើកឡើងដោយបញ្ជាក់ថាការចោទប្រកាន់ដោយគ្មានភស្ថុតាងដែលថាកងទ័ពកម្ពុជាបានលាក់ទុកសព្វាវុធ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃស៊ើបការណ៍ និងឈានទៅរឹបអូសយកនោះគឺធ្វើឡើង ដោយលក្ខណៈស្លន់ស្លោរភ្លេចគិតថារូបភាពដែលខ្លួនបានបង្ហាញនេះមិនមែនជាកាស៊ីណូ តែជាការិយាល័យនគរបាលការពារព្រំដែនទៅវិញ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងដែរថាចំពោះរូបភាព និងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា «បរិវេណអគារកាស៊ីណូថ្មដា» នោះទេ តែផ្ទុយទៅវិញទីតាំងនោះគឺជា «ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦» ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។
ឯកឧត្តម ទូច សុឃៈបានចាត់ទុកថាការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច៨ នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី» ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ដែរថាជាងនេះទៅទៀត ការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាល ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការប្រើប្រាស់ ច្បាប់ព្រៃរបស់រដ្ឋាភិបាល និងយោធាថៃមកឈ្លានពានទឹកដីកម្ពុជា ហើយភាគីថៃខ្លួនឯងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេសយករួចខ្លួនបានឡើយ។
ឲជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាត់ចោលទាំងស្រុងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ និងជំរុញឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ហើយងាកមកអនុវត្តតាម ខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី បង្កើនជំនឿទុកចិត្ត ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងគោរពគ្នាទៅវិញទៅមក ៕ដោយ៖ម៉ាដេប៉ូ


