ទីក្រុងហូជីមិញ ផ្តើមសាកប្រើយន្តហោះដ្រូនដឹកជញ្ជូនកាហ្វេ និងទូរស័ព្ទជូនអ្នកកម្ម៉ង់
ហាណូយ ៖ ទីក្រុងហូជីមិញរបស់ប្រទេសវៀតណានៅថ្ងៃអង្គារនេះបានចាប់ផ្តើមសាកល្បងប្រើប្រាស់យន្តហោះដ្រូនដឹកជញ្ជូនកាហ្វេ និងទូរស័ព្ទដៃ យកឲ្យអ្នកកម្ម៉ង់ ជាលើកដំបូង ។
បើតាមសារព័ត៌មាន VNexpress, ការសាកល្បងនេះធ្វើឡើងរវាងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមសហការជាមួយក្រុមប្រឹក្សាគ្រប់គ្រង Saigon Hi-Tech Park, ក្រុមហ៊ុនបច្ចេកវិទ្យា Saolatek, ក្រុមហ៊ុន Real-time Robotics Vietnam និង ក្រុមហ៊ុន Di Dong Viet ។
ក្នុងអំឡុងពេលសាកល្បងនោះ អ្នករៀបចំបង្កើតឲ្យមានសេណារីយ៉ូចែកចាយចំនួន ២ ដើម្បីវាយតម្លៃ លើការហោះហើរស្វ័យប្រវត្តិ, ភាពត្រឹមត្រូវនៃទីតាំង និងការត្រួតពិនិត្យពេលវេលាជាក់ស្តែង ។
នៅក្នុងសេណារីយ៉ូទីមួយ យន្តហោះដ្រូនបានដឹកទូរស័ព្ទ iPhone 17 ហោះឆ្លងកាត់ ចម្ងាយផ្លូវប្រហែល ២០០ ម៉ែត្រ ។ បន្ទាប់ពីបញ្ចប់ការដឹកជញ្ជូនតាមគោលដៅសាកល្បងរួចរាល់, យន្តហោះដ្រូនក៏បានហោះត្រឡប់មកវិញកន្លែងចុះចត ដោយសុវត្ថិភាព ។
ការធ្វើតេស្តលើកទី ២ ពាក់ព័ន្ធនឹងការដឹកជញ្ជូនរបស់របរ ចំនួន ៣ ផ្សេងៗ គ្នា រួមមាន គ្រឿងបន្លាស់ទូរស័ព្ទ, ឧបករណ៍សង្គ្រោះបឋម និងកាហ្វេចំនួន ៣ កែវ ក្នុងរយៈចម្ងាយជាង ៤០០ ម៉ែត្រ ។
ក្នុងករណីដែលការសាកល្បងនេះទទួលជោគជ័យ, ទីក្រុងហូជីមិញគ្រោងនឹងពង្រីកប្រតិបត្តិការយន្តហោះដ្រូន ឲ្យហោះឆ្ងាយជាងការសាកល្បងទាំងនេះ នៅក្នុងគោលដៅ ដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូន នៅដើមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត