ក្រុមហ៊ុនកូរ៉េ Hyundai នឹងប្រើមនុស្សយន្តក្នុងរោងចក្រទូទាំងពិភពលោកនៅឆ្នាំ ២០២៨
សេអ៊ូល ៖ រុមហ៊ុនផលិតឡានខ្នាតយក្សរបស់កូរ៉េខាងត្បូង Hyundai Motor Group បានប្រកាសថា ខ្លួននឹងប្រើប្រាស់មនុស្សយន្តធ្វើការងារក្នុងរោងចក្រទាំងអស់ ចាប់ពីឆ្នាំ ២០២៨ ខណៈដែលក្រុមហ៊ុនធំៗលើពិភពលោក កំពុងប្រណាំងប្រជែងគ្នាផ្នែកបច្ចេកវិទ្យាថ្មីៗ ។
មនុស្សយន្តដែល Hyundai និយាយនោះថា មានឈ្មោះថា Atlas ផលិតដោយក្រុមហ៊ុន Boston Dynamics ដែលបច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hyundai Motor Group បន្ទាប់ពីវាត្រូវបានក្រុមហ៊ុន SoftBank ទិញយកក្នុងតម្លៃ ១.១ពាន់លានដុល្លារកាលពីឆ្នាំ ២០២១ ។
បើតាមសារព័ត៌មាន BBC, ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួនមានគំរោងរួមបញ្ចូលមនុស្សយន្ត Atlas ទៅក្នុងខ្សែសង្វាក់ផលិតកម្មរោងចក្រនៅទូទាំងពិភពលោក ក្នុងនោះមានទាំងរោងចក្រនៅរដ្ឋ Georgia របស់សហរដ្ឋអាមេរិក ។
មនុស្សយន្ត Atlas ដែលរចនាឡើងសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មទូទៅ កំពុងធ្វើការជាមួយមនុស្ស និងគ្រប់គ្រងម៉ាស៊ីនដោយស្វ័យប្រវត្តិ ។ មនុស្សយន្តនេះមានកម្ពស់ ១.៩ម៉ែត្រទៅ២.៣ម៉ែត្រ អាចលើកទំនិញបានទម្ងន់ ៩០គីឡូក្រាម ។
វាអាចប្រើប្រាស់បានរយៈពេល ៤ម៉ោង និងមានសមត្ថភាពផ្លាស់ប្តូរថ្មដោយស្វ័យប្រវត្តិ ដែលចំណាយពេលតិចជាង៣នាទីប៉ុណ្ណោះ ។ មនុស្សយន្តនេះ មានតម្លៃចាប់ពី ១៤,០០០ដុល្លារក្នុងមួយគ្រឿង ។
ក្រៅពី Hyundai ក្រុមហ៊ុនធំៗដទៃទៀតក៏បានប្រកាសស្រដៀងគ្នាផងដែរថា ពួកគេនឹងដាក់បញ្ចូលមនុស្សយន្តទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដែលក្នុងនោះរួមមានក្រុមហ៊ុន Amazon, Tesla និងក្រុមហ៊ុនផលិតឡានអគ្គិសនី BYD របស់មហាយក្សចិន ។
គួរកត់សម្គាល់ នៅត្រឹមឆ្នាំ ២០៣៥ ទីផ្សារមនុស្សយន្តពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពីទឹកប្រាក់ ៣៨ពាន់លានដុល្លារ ។ នេះបើតាមសារព័ត៌មាន interesting engineering ៕
ប្រភព ៖ BBC និង interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា