រំលឹកទិវាជ័យជម្នះ ៧មករា គឺក្នុងស្មារតីចងចាំឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ប៉ុល ពត

ភ្នំពេញ៖ ថ្ងៃនេះជាទិវាគម្រប់ខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រដែលបានផ្តួលរំលំរបបប្រល័យពូជ​សាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ក្នុងសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្ស​ប្រជាជនកម្ពុជាក្នុងឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា បានបញ្ជាក់ថា យើងរំឭកទិវាជាប្រវត្តិសាស្ត្រនេះឡើង​ក្នុងស្មារតីចង​ចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលរបបប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបដ៏ឃោរឃៅនេះ។

យើងពិតជាមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្មរបស់ប្រជាជនដែលបង្កឡើងដោយបនប្រល័យ​ពូជសាសន៍ប៉ុល ពតដែលបានចូលមកកាន់អំណាចចាប់ពីថ្ងៃ ១៧មេសាឆ្នាំ១៩៧៥។ នៅក្រោមរបបដ៏យង់ឃ្នងនេះ ប្រជាជនកម្ពុជាត្រូវបាត់បង់​ទាំង​ស្រុងនូវសិទ្ធិសេរីភាពរបស់ខ្លួន ត្រូវបង្ខំឱ្យធ្វើការដូចសត្វធាតុ ត្រូវទទួលរងទារុណកម្ម និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត, ជាមួយគ្នានេះរចនាសម្ព័ន្ធសង្គមជាតិត្រូវបំផ្លាញឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់ដែលបានរុញច្រានឱ្យប្រជាជាតិទាំងមូលឈានដល់មាត់រណ្ដៅនៃការរលាយសូន្យ ។នេះជាអ្វី ដែលសម្ដេចតេជោ ហ៊ុន សែន គូសរំលេចនៅក្នុងសារកម្រាស់បីទំព័ររបស់សម្ដេច។

សម្ដេចតេជោបានបន្ថែមថា នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើង​នៅថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ លើមូលដ្ឋាននៃជ័យជម្នះនេះ សាធារណរដ្ឋប្រជាមានិតកម្ពុជាក៏​ត្រូវបានបង្កើតឡើងដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនពិតប្រាកដ។

សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ឆ្លងតាមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះយើង​ចងចាំជានិច្ចនូវ​គុណូបការៈដ៏ថ្លៃថ្លា​របស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ក្នុងការវាយរំលំរបបដ៏យង់ឃ្នងនេះ។

ក្នុងឱកាសខួប៤៧ឆ្នាំនៃទិវាជ័យជម្នះ៧មករានេះដែរ សម្ដេចតេជោ ហ៊ុន សែន ថាបង្ហាញនូវ​សេចក្តីដឹងគុណថា យើងទាំងអស់គ្នា​សូមលំឱនកាយគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិយើងដែលគ្មានទោសពៃរ៍អ្វីទាំងអស់រាប់លាននាក់ដែលត្រូវស្លាប់យ៉ាង​អយុត្តិធម៌បំផុត​នៅ​ក្រោម​របបប៉ុល ពត ហើយសូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិទាំងនោះ បានទៅ​ប្រតិស្ឋាន​ក្នុង​​សុគតិភពជា​រៀងដរាប៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner