បារាំងពិចារណាពង្រាយទ័ពរាប់ពាន់នាក់នៅអ៊ុយក្រែន បើសិនមានបទឈប់បាញ់

ប៉ារីស ៖ មេដឹកនាំបារាំងបាននិយាយកាលពីថ្ងៃអង្គារថា ទាហានបារាំងរាប់ពាន់នាក់អាចនឹងត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីមានបទឈប់បាញ់ជាផ្លូវការ ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់ទូរទស្សន៍ France 2 កំឡុងកិច្ចប្រជុំមេដឹកនាំប្រទេសលោកខាងលិច និងអឺរ៉ុប នៅទីក្រុងប៉ារីស ថា បារាំងនឹងចូលរួមប្រតិបត្តិការ ដើម្បីត្រួតពិនិត្យព្រំដែនរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានចុះហត្ថលេខា ។

ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយទាហានបារាំង គឺមិនមែនមានគោលបំណងបម្រើជាកងកម្លាំងប្រយុទ្ធទេ លោកថា បារាំងគ្រាន់តែចូលរួមគាំទ្រ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនប៉ុណ្ណោះ ។

យោងតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំមេដឹកនាំប្រទេសលោកខាងលិច និងអឺរ៉ុប កងទ័ពពួកគេត្រៀមខ្លួនជាស្រេច ដើម្បីដាក់ចេញនូវប្រព័ន្ធនៃការធានាដែលមានលក្ខណៈនយោបាយ និងស្របច្បាប់ នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ។

ការនេះនឹងរួមបញ្ចូលទាំងការចូលរួមក្នុងយន្តការត្រួតពិនិត្យបទឈប់បាញ់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ការគាំទ្រយោធាសម្រាប់អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការការពារជាតិរយៈពេលវែង ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner