ចិនបិទខ្ទប់នាំចេញទំនិញប្រើក្នុងគោលបំណងយោធាទៅជប៉ុន
ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា រាល់ទំនិញប្រើប្រាស់បានទាំងស៊ីវិល និងយោធា ត្រូវបានហាមឃាត់មិនឲ្យនាំចេញទៅកាន់ជប៉ុនឡើយ សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងយោធា ដោយចាប់ផ្ដើមមានប្រសិទ្ធភាពភ្លាមៗ ។

បើតាមសារព័ត៌មាន CNA, ការរឹតត្បិតនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យជម្លោះកាន់តែឡើងកម្ដៅខ្លាំងទៅៗ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អាស៊ីទាំងពីរ ដែលបង្កឡើងពីការថ្លែងសន្ទរកថារបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិននិយាយថា ថ្មីៗនេះ មេដឹកនាំជប៉ុនបានធ្វើការកត់សម្គាល់មិនត្រឹមត្រូវ ទាក់ទិនបញ្ហាកោះតៃវ៉ាន់ ដោយបង្ហាញអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធានៅច្រកសមុទ្រតៃវ៉ាន់ ។
អ្នកនាំពាក្យរូបនេះបន្ថែមថា ការអធិប្បាយទាំងនោះ បានរំលោភលើគោលការណ៍ចិនតែមួយ និងជាធម្មជាតិបង្កប់ការព្យាបាទ ដែលនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗ ទាំងក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសជប៉ុន មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ចំពោះការរឹតត្បិតរបស់ចិននៅឡើយទេ ។
គួរកត់សម្គាល់ ទំនាក់ទំនងរវាងមហាយក្សនៅអាស៊ីទាំងពីរ កើតឡើងចាប់តាំងពីលោកស្រីនាយករដ្ឋមន្រ្តី Takaichi បាននិយាយថា ជប៉ុនអាចនឹងដាក់ពង្រាយកម្លាំងយោធារបស់ខ្លួន បើសិនចិនវាយដណ្ដើមគ្រប់គ្រងកោះតៃវ៉ាន់ ដែលចិនអះអាងថា ជាដែនដីរបស់ខ្លួន ទាំងដែលតៃវ៉ាន់ប្រកាសច្រានចោល ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
