ទាហានកូរ៉េខាងជើងជាង ៦ ពាន់នាក់ស្លាប់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ព្យុងយ៉ាង ៖ ចងភ្ជាប់ដោយកិច្ចព្រមព្រៀងការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០២៤ កូរ៉េខាងជើងបានបញ្ជូនទាហានរបស់ខ្លួនប្រហែល ១៤,០០០នាក់ទៅជួយប្រយុទ្ធរុស្ស៊ីក្នុងជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែជាលទ្ធផល កងទ័ពលោក គីម ជុងអ៊ុន ច្រើនជាង ៦,០០០នាក់បានស្លាប់ចោលឆ្អឹងក្នុងសង្គ្រាមមួយនេះ ។

ជាការគោរពដល់ទាហានពលីទាំងនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានដឹកនាំកូនស្រី ជូ អេ កាលពីថ្ងៃចន្ទ ទៅពិនិត្យការសាងសង់វិមានអនុស្សាវរីយ៍ សម្រាប់ឧទ្ទិសដល់យុទ្ធជនលះបង់ជីវិតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។

បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA, លោក គីម បានចាត់ទុកទាហានពលីទាំងនោះ ជាវីរបុរសដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដោយមិនស្ទាក់ស្ទើរ ក្នុងស្មារតីស្នេហាជាតិរបស់កូរ៉េខាងជើង ។
មេដឹកនាំកូរ៉េខាងជើងមានវ័យ ៤១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ក្នុងពិភពលោក អាចយកឈ្នះកងទ័ពដែលស្មោះត្រង់ចំពោះបទបញ្ជារបស់បក្សដាច់ខាត ។
សូមរម្លឹកថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២៤ ។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលប្រទេសលោកខាងលិច បារម្ភពីការដោះដូរអាវុធ និងបច្ចេកវិទ្យាយោធារវាងប្រទេសទាំងពីរ ។ កន្លងមក កូរ៉េខាងជើង បានរងការចោទប្រកាន់ជាច្រើនលើក ពាក់ព័ន្ធនឹងការបញ្ជូនអាវុធឱ្យរុស្ស៊ី សម្រាប់បន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន ដែលកើតឡើងចាប់តាំងពីឆ្នាំ ២០២២មក ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
