អាមេរិក រឹបអូសនាវាដឹកប្រេង ២គ្រឿងទៀត ដែលជាប់ពាក់ព័ន្ធនឹង វេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានប្រកាសកាលពីថ្ងៃពុធ អំពីការរឹបអូសនាវាដឹកប្រេងបន្ថែមចំនួន ២គ្រឿងដាច់ដោយឡែកពីគ្នា ដែលមានជាប់ពាក់ព័ន្ធជាមួយវេណេស៊ុយអេឡា ។
ក្នុងនោះមួយគ្រឿងនៅមហាសមុទ្រអាត្លង់ទិកខាងជើង និងមួយគ្រឿងទៀតនៅសមុទ្រការ៉ាប៊ីន ។ ហើយក្នុងចំណោមនាវាដែលជាប់ទណ្ឌកម្មនោះ កំពុងដំណើរការច្រកក្រោមទង់ជាតិរុស្ស៊ី ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មុនឈានដល់ការរឹបអូស ឆ្មាំឆ្នេរសមុទ្រអាមេរិកបានបន្តតាមនាវាដឹកប្រេងទាំងនោះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។ លោកស្រីថា នាវាទាំងនោះបានផ្លាស់ប្តូរឈ្មោះ និងទង់ជាតិរបស់ខ្លួន ដើម្បីគេចពីការតាមប្រមាញ់ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក, រុស្ស៉ីបានដាក់ពង្រាយនាវាមុជទឹក ដើម្បីការពារវា ប៉ុន្តែយោងតាមកាសែត The New York Time, គ្មាននាវារុស្ស៉ីណាមួយនៅជិតនាវាដឹកប្រេងនោះទេ ក្នុងអំឡុងពេលរឹបអូសនេះ ហើយក៏គ្មានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងអាមេរិក និងរុស្ស៉ីដែរ ។
ទោះបីជាយ៉ាងណា ក្រសួងដឹកជញ្ជូនរុស្ស៊ីបានប្រកាសរិះគន់ខ្លាំងៗចំពោះចំណាត់ការរបស់អាមេរិក ដោយនិយាយថា គ្មានរដ្ឋណាមួយ មានសិទ្ធិប្រើកម្លាំងប្រឆាំងនឹងនាវា ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្នុងយុត្តាធិការរបស់រដ្ឋផ្សេងទៀតទេ ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបង្ហោះសារលើបណ្តាញសង្គមថា ការបិទខ្ទប់ប្រេងវេណេស៊ុយអេឡា ដែលត្រូវបានដាក់ទណ្ឌកម្ម និងខុសច្បាប់ នៅតែមានប្រសិទ្ធភាពពេញលេញ នៅគ្រប់ទីកន្លែងក្នុងពិភពលោក ៕


ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា