អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គិតមក​ទល់​ពេលនេះ មានជន​ភៀស​សឹក​ជាង៤៦ម៉ឺននាក់ ដែល​បាន​វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា គិតមក​ទល់​ពេលនេះ មានជនភៀសសឹកសរុបជាង៤៦ម៉ឺននាក់ ហើយដែល​បាន​វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀស​សឹកសរុបជាង៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀស​សឹកសរុប​ចំនួន​ជាង១៨ម៉ឺននាក់ទៀត ដែលបន្តរស់នៅក្នុងជំរុំនៅឡើយ។ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្ដល់សេវាសាធារណៈ​ជាច្រើន​បានបើកដំណើរការឡើងវិញជាបណ្តើរៗ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ការវិលត្រឡប់របស់ពលរដ្ឋ​ភៀស​សឹកបានធ្វើឡើង ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច៤ដែលចែងថា៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យ​ជន​ស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់​ទៅផ្ទះ​សម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេល​ឆាប់ៗ​បំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តី​ថ្លៃថ្នូរ នៅក្នុង​តំបន់រៀងៗខ្លួន។  ទោះជាយ៉ាងណា មានពលរដ្ឋភៀសសឹកជា​ច្រើនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា  នៅក្នុងបទបង្ហាញជូន​ប្រធាន​បេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែង​ការព្រួយ​បារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយឯកឧត្តមបានលើកឡើងអំពី​ការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបាន​ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប៉ះពាល់ដល់ការវិលត្រឡប់​របស់ពលរដ្ឋភៀសសឹកចូលទៅកាន់តំបន់ទាំងនោះ។

សូមបញ្ជាក់ជូនថា អាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជា​សេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនភៀសសឹក ខណៈដែលសប្បុរសជនពីគ្រប់ទិសទីក៏បានចូលរួម​ចំណែក​យ៉ាងសកម្មដើម្បីជួយជនភៀសសឹកផងដែរ។ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយ ដែលបានចំណាយកម្លាំងកាយចិត្ត និងបានបរិច្ចាគធន​ធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាល​ការលំបាករបស់ពលរដ្ឋភៀសសឹក។សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀត ដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាមិនចេះរីងស្ងួតក្នុងសង្គមខ្មែរ ជាពិសេសប្រពៃណីជួយគ្នាក្នុងគ្រាជួបការលំបាក៕

ដោយ៖ពលជ័យ

ads banner