ប៉ាគីស្ថាន ពិចារណាលក់យន្តហោះចម្បាំង JF-17 ទៅឱ្យ បង់ក្លាដែស

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានកំពុងពិចារណាលើកិច្ចព្រមព្រៀងការពារជាតិជាមួយបង់ក្លាដែស ដែលក្នុងនោះរួមមានទាំងការលក់យន្តហោះចម្បាំង JF-17 Thunder ទៅឱ្យទីក្រុងដាកា ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដកំពុងពង្រីកមហិច្ឆតានាំចេញសព្វាវុធ និងពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពអាកាសប៉ាគីស្ថាន លោក Zaheer Ahmed Baber Sidhu និងសមភាគីបង់ក្លាដែស លោក Hasan Mahmood Khan បានពិភាក្សាលម្អិតអំពីការទិញយន្តហោះ JF-17 Thunder ដែលជាយន្តហោះចម្បាំងពហុតួមុខងារ ដែលបង្កើតឡើងរួមគ្នារវាងប៉ាគីស្ថាន និងចិន ។ នេះបើយោងតាមសារព័ត៌មាន The straits times ។

ក្រៅពីលក់យន្តហោះចម្បាំង ប៉ាគីស្ថានក៏បានធានាដល់បង់ក្លាដែស អំពីការចែកចាយឱ្យបានលឿន នូវយន្តហោះ Super Mushshak សម្រាប់ហ្វឹកហ្វឺន រួមជាមួយការបណ្តុះបណ្តាលពេញលេញ និងផ្តល់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែងផងដែរ ។

យន្តហោះចម្បាំង JF-17 បានក្លាយជាមូលដ្ឋានគ្រឹះនៃកម្មវិធីអភិវឌ្ឍន៍សព្វាវុធរបស់យោធាប៉ាគីស្ថាន ដោយមានកិច្ចព្រមព្រៀងជាមួយអាស៊ែបៃហ្សង់ និងកតិកាសញ្ញាអាវុធតម្លៃចំនួន ៤ ពាន់លានដុល្លារជាមួយកងទ័ពជាតិលីប៊ី ។

JF-17 ដែលជាយន្តហោះចម្បាំងជំនាន់ទី ៤.៥ មួយនេះ គឺជាយន្តហោះចម្បាំងមានមុខងារចមុ្រះ អាចវាយប្រហារទាំងនៅលើអាកាស និងនៅលើទីតាំងផ្ទាល់ដីក៏បាន ។ កន្លងមក វាត្រូវបានលក់ទៅឲ្យប្រទេសមួយចំនួនរួចមកហើយ មានដូចជា មីយ៉ាន់ម៉ា, នេហ្ស៊ីរីយ៉ា និងអ៊ីរ៉ាក់ ។

សម្រាប់ប្រទេសប៉ាគីស្ថានវិញ បច្ចុប្បន្នគឺជាអតិថិជនដ៏សំខាន់មួយរបស់ចិន ពោលគឺបាននាំចូលអាវុធភាគច្រើនដល់ទៅ ៦០ភាគរយពីរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយក្នុងនោះយន្តហោះចម្បាំងម៉ូដេល JF-17 នេះ មានរហូតទៅដល់ ១៦១គ្រឿង និងយន្តហោះចម្បាំង J-10C ប្រមាណជា ២០គ្រឿង គិតត្រឹមឆ្នាំ ២០២៤ ។

យន្តហោះចម្បាំង JF-17 ត្រូវបានគេសង្កេតឃើញថា មានរូបរាង និងសមត្ថភាពប្រកួតប្រជែងទៅនឹងយន្តហោះចម្បាំងម៉ូដេល F-16 របស់អាមេរិក ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner