អ៊ីស្រាអែលបញ្ចេញសំណាញ់ចាប់ដ្រូន ជំនួសអាវុធបាញ់ដែលគ្រោះថ្នាក់ និងចំណាយខ្ពស់

ហ៊្សេរុយសាឡិម ៖ ស្របពេលដែលយន្តហោះដ្រូនតូចៗ មានតម្លៃថោកកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ដើម្បីកែច្នៃប្រើប្រាស់ក្នុងសង្គ្រាមសកលនោះ ក្រុមហ៊ុនរបស់អ៊ីស្រាអែលមួយ បានបញ្ចេញឧបករណ៍យោធាថ្មីមួយ មានឈ្មោះថា DefendAir ឬមានរហស្សនាមថា សំណាញ់មេឃចាប់កូនបក្សីស្លាបដែក ក្នុងគោលបំណងទប់ទល់នឹងពួកវាយ៉ាងមានប្រសិទ្ធភាព ។

បើតាមសារព័ត៌មាន interesting engineering, ប្រព័ន្ធស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូននេះ ត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន ParaZero Technologies របស់អ៊ីស្រាអែល ។

ប្រព័ន្ធ DefendAir ប្រើប្រាស់សំណាញ់បាញ់ ដើម្បីស្ទាក់ចាប់យន្តហោះដ្រូននៅលើអាកាស ពោលគឺមិនចាំបាច់ប្រើប្រាស់មីស៊ីល ឬអាវុធបាញ់បំផ្ទុះ ដែលបង្កឲមានគ្រោះថ្នាក់ និងមានតម្លៃថ្លៃនោះឡើយ ។ ហើយវាត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង និងតំបន់ដែលមានមនុស្សរស់នៅច្រើន ។

យោងតាមសារព័ត៌មាន defense post, ប្រព័ន្ធ DefendAir របស់ក្រុមហ៊ុន ParaZero មានចំនុចពិសេសៗចំនួន ៣ ផ្នែកធំៗ ក្នុងនោះចំណុចពិសេសទី១.វាអាចបំពាក់នៅលើយន្តហោះដ្រូនស្ទាក់ចាប់ ដែលអាចធ្វើប្រតិបត្តិការក្នុងរយៈកម្ពស់ ២គីឡូម៉ែត្រ ។

រីឯចំណុចពិសេសទី២.វាអាចបំពាក់នៅលើម៉ាស៊ីន ដែលអាចធ្វើប្រតិបត្តិការក្នុងចម្ងាយ ១០០ម៉ែត្រ និងចំណុចពិសេសចុងក្រោយ វាអាចបំពាក់នៅលើកាំភ្លើងដៃ ដែលអាចធ្វើប្រតិបត្តិការបានក្នុងចម្ងាយត្រឹមតែ ៣៥ម៉ែត្រប៉ុណ្ណោះ ។

មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធសំណាញ់មេឃចាប់កូនបក្សីសា្លបដែកមួយនេះ ក៏អាចភ្ជាប់ជាមួយប្រព័ន្ធរ៉ាដា ប្រព័ន្ធបញ្ជា និងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាប្រព័ន្ធវិទ្យុ ព្រមទាំងកែវយឹត ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការរកឃើញ និងស្ទាក់ចាប់យន្តហោះដ្រូនរបស់សត្រូវផងដែរ ។

ជារួម អត្ថប្រយោជន៍ធំៗរបស់ប្រព័ន្ធ DefendAir គឺកាត់បន្ថយការចំណាយច្រើនទិញឧបករណ៍ស្ទាក់ចាប់យន្តហោះដ្រូនសត្រូវ កាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ និងរក្សាទុកដ្រូនចាប់បាន ដើម្បីប្រមូលព័ត៌មាន និងសិក្សាស្រាវជ្រាវពីវា ។

គិតត្រឹមដើមខែមករា ឆ្នាំ២០២៦ ប្រព័ន្ធ DefendAir ទទួលបានការបញ្ជាទិញដ៏ធំជាលើកដំបូង ពីអង្គភាពការពារជាតិឈានមុខគេរបស់អ៊ីស្រាអែល និងត្រូវបានដាក់បង្ហាញដល់មន្ត្រីជាន់ខ្ពស់របស់អង្គការណាតូ និងអាល្លឺម៉ង់ សម្រាប់ប្រើប្រាស់ការពារបុគ្គលិកយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីការវាយប្រហាររបស់យន្តហោះដ្រូនប្រយុទ្ធ ៕

ប្រភព ៖ interesting engineering និង defense post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner