វៀតណាម ថា ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវេណេស៊ុយអេឡា
ហាណូយ ៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយថា ប្រទេសនេះ រក្សាទំនាក់ទំនងប្រពៃណីដ៏ល្អ ជាមួយប្រទេសវេណេស៊ុយអេឡា ហើយចង់បន្តជំរុញកិច្ចសហប្រតិបត្តិការ ស្របតាមក្របខ័ណ្ឌភាពជាដៃគូ លើគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress។
លោកស្រី Pham Thu Hang បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងការបរទេស កាលពីថ្ងៃទី៨ ខែមករា ពោលគឺក្នុងពេលឆ្លើយតបទៅនឹងសំណួរ របស់អ្នកសារព័ត៌មាន សួរថាតើការវិវត្តន៍ថ្មីៗ នៅក្នុងប្រទេសវេណេស៊ុយអេឡា បានប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែរឬទេ។
យ៉ាងណា នៅក្នុងខ្លឹមសារចេញផ្សាយ របស់សារព័ត៌មាន VNexpress, លោកស្រី មិនបញ្ជាក់បន្ថែមជុំវិញ ការវាយឆ្មក់របស់អាមេរិក ចូលទៅចាប់ខ្លួន មេដឹកនាំប្រទេសវេណេស៊ុយអេឡា ដល់រដ្ឋធានីការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា នោះទេ។
ប៉ុន្តែ លោកស្រី Hang ហាក់បាននិយាយផ្តោតជារួម ចំពោះបញ្ហាសកល ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម រូបនេះ បានជំរុញឱ្យភាគីទាំងអស់ អត់ធ្មត់ ជៀសវាងការប្រើប្រាស់កម្លាំងបង្ខំ និង គំរាមកំហែង។
លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនកិច្ចសន្ទនា ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជួយលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទាំងក្នុងតំបន់ និងពិភពលោក៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត
