NASA នឹងនាំអវកាសយានិកមកផែនដីមុនកំណត់លើកដំបូង ក្នុងពេល ២៥ ឆ្នាំ
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាស NASA របស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងនាំយកអវកាសយានិកចំនួន ៤នាក់នៅលើស្ថានីយ៍អវកាសអន្តរជាតិ ISS វិលត្រឡប់មកផែនដីវិញ ឱ្យបានលឿនជាងការគ្រោងទុក ដោយសារបញ្ហាវេជ្ជសាស្ត្រ ។
បើតាមសារព័ត៌មាន NBC NEWS, នេះជាការនាំយកអវកាសយានិកនៅលើស្ថានីយ៍ ISS ត្រឡប់មកផែនដីវិញ មុនកាលកំណត់លើកដំបូងជាប្រវត្តិសាស្ត្រក្នុងរយៈពេល ២៥ឆ្នាំ ។
ដោយលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាពផ្នែកវេជ្ជសាស្ត្រ អង្គការ NASA មិនបានផ្តល់ព័ត៌មានលម្អិត អំពីមូលហេតុនៅពីក្រោយបញ្ហាវេជ្ជសាស្ត្រ និងអត្តសញ្ញាណរបស់សមាជិកអវកាសយានិក ដែលរងផលប៉ះពាល់ទេ ប៉ុន្តែមន្ត្រី NASA និយាយថា ស្ថានភាពអវកាសយានិករូបនោះ គឺមានស្ថេរភាព ។
ប្រធានអង្គការ NASA លោក Jared Isaacman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អវកាសយានិកទាំងអស់នឹងវិលត្រឡប់មកផ្ទះវិញក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ។ ប៉ុន្តែទីភ្នាក់ងារនេះ មិនទាន់អាចផ្តល់ពេលវេលាជាក់លាក់ សម្រាប់ការហោះហើរ ឬការចុះចតនៅឡើយទេ ។
លោក Isaacman បន្តថា ការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីបានពិភាក្សាជាមួយប្រធានផ្នែកសុខភាព និងវេជ្ជសាស្ត្រ គឺលោកវេជ្ជបណ្ឌិត JD Polk និងថ្នាក់ដឹកនាំទូទាំងទីភ្នាក់ងារ NASA ។ លោកថា ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនឹងផ្តល់ជូនក្នុងរយៈពេល ៤៨ម៉ោងខាងមុខ ។
ក្រុមអវកាសយានិកដែលនឹងចាកចេញពីស្ថានីយ ISS មកកាន់ផែនដីវិញ មានដូចជា អវកាសយានិក NASA គឺលោកស្រី Zena Cardman និងលោក Mike Fincke, អវកាសយានិកជប៉ុន លោក Kimiya Yui និងអវកាសយានិករុស្ស៊ី លោក Oleg Platonov ។
អវកាសយានិកទាំងនោះ គឺជាសមាជិកនៃបេសសកម្ម Crew-11 ដែលត្រូវបានបញ្ជូនទៅដល់ស្ថានីយ ISS កាលពីដើមខែសីហា ហើយត្រូវបានគេរំពឹងថា នឹងស្នាក់នៅលើមន្ទីរពិសោធន៍នៅលើលំហរអាកាសអន្តរជាតិនោះ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៦ ។
យោងតាមកាសែតរ៉យទ័រ, ស្ថានីយអវកាសអន្តរជាតិ ISS ដែលមានទំហំប៉ុនតារាងបាល់ទាត់ ត្រូវបានបង្កើតឡើង និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិក និងរុស្ស៊ី ។ ស្ថានីយនេះ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ ២០៣០ ខាងមុខ ក្រោមហេតុផលថា គ្រឿងបន្លាស់នៃយានអាចមានសភាពចាស់ទ្រុឌទ្រោមទៅតាមអាយុកាល ។
ទន្ទឹមគ្នា អង្គការ NASA ក៏បានប្រកាសផងដែរថា គម្រោងស្ថានីយអវកាសថ្មី នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០៣០ បន្តវេនពីស្ថានីយអវកាសចាស់ ដែលត្រៀមនឹងដកចេញដោយក្រុមហ៊ុន SpaceX ជាមួយនឹងថ្លៃឈ្នួលរហូតដល់ ៨៤៣លានដុល្លារ ដើម្បីរុញស្ថានីយ ISS ឱ្យចេញពីគន្លងភពផែនដី ៕
ប្រភព ៖ NBC NEWS និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា