អ៊ីរ៉ង់ផ្តាំអាមេរិក និងអ៊ីស្រាអែល ថា ទីក្រុងតេហេរ៉ង់ត្រៀមខ្លួនរួចរាល់ ទាំងសង្គ្រាម ឬការចរចា
តេហេរ៉ង់ ៖ ប្រមុខការទូតអ៊ីរ៉ង់បានព្រមានធ្ងន់ៗនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់ខ្លួនមិនចង់បានសង្គ្រាមជាមួយអ៊ីស្រាអែល ឬអាមេរិកនោះទេ ប៉ុន្តែក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការវាយបកទៅវិញ និងការចរចាគ្នាដោយសន្តិវិធី ។
ថ្លែងចេញពីរដ្ឋធានីបេរូត ប្រទេសលីបង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកសារព័ត៌មានថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាជាមួយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដរាបណាការចរចានេះ ផ្អែកលើការគោរពគ្នាទៅវិញទៅមក ជាជាងស្ថិតក្រោមការបង្គាប់បញ្ជាពីទីក្រុងវ៉ាស៊ីនតោន ។
ការអត្ថាធិប្បាយរបស់លោក Araghchi កើតឡើងស្របពេលកើនឡើងការព្រួយបារម្ភថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក គឺអ៊ីស្រាអែល នឹងបើកការវាយប្រហារអ៊ីរ៉ង់ម្តងទៀត ដូចដែលខ្លួនធ្លាប់បានធ្វើ ក្នុងអំឡុងសង្គ្រាមរយៈពេល ១២ថ្ងៃ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ កាលពីខែមិថុនា ។
បន្ថែមលើនេះ កាលពីចុងខែធ្នូឆ្នាំមុន មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានអ៊ីរ៉ង់ដែរថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបើកការវាយប្រហារយោធាបន្ថែមទៀត បើសិនអ៊ីរ៉ង់ព្យាយាមរៀបចំកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ក្នុងអំឡុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ នៅរដ្ឋផ្លរីដា ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
