ឥណ្ឌា សម្ញែងប្រព័ន្ធបាញ់រ៉ុក្តែតច្រើនគ្រាប់រយៈចម្ងាយឆ្ងាយ ៣០០ គីឡូម៉ែត្រ

ញូវដែលី ៖ ប្រទេសឥណ្ឌាបានសម្ញែងប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ថ្មីមួយ មានឈ្មោះថា Suryastra ក្នុងអំឡុងពេលហាត់សម សម្រាប់ក្បួនដង្ហែរទិវាកងទ័ពនៅទីក្រុង Jaipur ដែលនេះជាការបង្ហាញជាសាធារណៈលើកដំបូង នូវប្រព័ន្ធកាំភ្លើងធំបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ។

បើតាមសារព័ត៌មាន defence blog, Suryastra គឺជាឧបករណ៍បាញ់មីស៊ីល និងរ៉ុក្កែតច្រើនគ្រាប់ដំបូងគេបង្អស់របស់ប្រទេសឥណ្ឌា ដែលបំពាក់លើរថយន្តយោធា ហើយផលិតឡើងពឹងផ្អែកលើបច្ចេកវិទ្យាទទួលបានពីប្រព័ន្ធរ៉ុក្កែត PULS របស់អ៊ីស្រាអែល ។

ប្រព័ន្ធបាញ់រ៉ុក្កែត Suryastra អាចមានសមត្ថភាពវាយប្រហារលើគោលដៅបានយ៉ាងជាក់លាក់ ក្នុងរយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយ ពោលគឺចាប់ពី ១៥០ ទៅ ៣០០ គីឡូម៉ែត្រ ។

ប្រព័ន្ធបាញ់រ៉ុក្តែតនេះ អាចប្រើប្រាស់ជាមួយមីស៊ីលប្រភេទ Predator Hawk ទំហំ ៣៧០ មីលីម៉ែត្រ ដែលអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ និងគ្រាប់រ៉ុក្កែតនាំផ្លូវមានទំហំ ៣០៦ មីលីម៉ែត្រ ដែលអាចបាញ់បានចម្ងាយ ១៥០ គីឡូម៉ែត្រ ជាពិសេសវាអាចបាញ់មីស៊ីលទាំងពីរប្រភេទនេះចេញពីកាណុងកាំភ្លើងតែមួយ ក្នុងពេលដំណាលគ្នា ។

គួរកត់សម្គាល់ថា ប្រព័ន្ធបាញ់រ៉ុក្តែតនេះ កើតចេញពីកិច្ចសន្យាមានតម្លៃ ៦៩លានដុល្លារ ដែលធ្វើឡើងរវាងកងទ័ពឥណ្ឌា និងក្រុមហ៊ុនការពារឯកជនឥណ្ឌា NIBE Limited ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធបាញ់រ៉ុក្កែត Suryastra ដោយសហការជាមួយដៃគូអ៊ីស្រាអែល ។

តាមរយៈកិច្ចសន្យានេះ វានឹងក្លាយជាការជំហានឆ្ពោះទៅរកការពង្រីកផលិតកម្មក្នុងស្រុក នៃប្រព័ន្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់ឥណ្ឌា ខណៈដែលកងទ័ពប្រទេសមហាអំណាចទី៤របស់ពិភពលោកមួយនេះ កំពុងខិតខំប្រឹងប្រែងធ្វើទំនើបកម្មអង្គភាពកាំភ្លើងធំរ៉ុក្កែតរបស់ខ្លួន ៕

ប្រភព ៖ defence blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner