ក្រសួងពាណិជ្ជកម្មលើកលែងការពិន័យចំពោះក្រុមហ៊ុនដែលខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ

ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដើម្បីឆ្លើយតបនឹងសំណើរបស់ក្រុមហ៊ុនជាច្រើន ក្រសួងពាណិជ្ជកម្មសម្រេចអនុវត្តគោលការណ៍លើកលែងការពិន័យចំពោះក្រុមហ៊ុន ដែលមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ ដោយមានលក្ខខណ្ឌតម្រូវដូចខាងក្រោម៖

១. ត្រូវបង់ពិន័យប្រតិវេទន៍រយៈពេល១ឆ្នាំចុងក្រោយ នៅក្រសួងពាណិជ្ជកម្មក្នុងអំឡុងពេល ៦០ថ្ងៃ នៃថ្ងៃធ្វើការ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។

២. ត្រូវចូលរួមក្នុងការត្រួតពិនិត្យសាវតាររូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុន (Background Check) ដើម្បីរួម ចំណែកក្នុងការពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។

ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម ដែលអាចប៉ះពាល់ដល់ស្ថានភាពចុះបញ្ជី និងសិទ្ធិនានារបស់ក្រុមហ៊ុនស្របតាមការកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងពាណិជ្ជកម្មជឿជាក់ថា គោលការណ៍នេះនឹងចូលរួមដល់ការលើកកម្ពស់បរិយាកាសអាជីវកម្មនៅ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជំរុញការអនុវត្តច្បាប់ពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មឱ្យមានភាពប្រសិទ្ធភាពផងដែរ។

អាស្រ័យហេតុនេះ ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលើកលែងការពិន័យ និងរក្សាបាននូវអនុលោមភាពស្របច្បាប់នៃសហគ្រាសរបស់ខ្លួននៅក្នុងបញ្ជីពាណិជ្ជកម្ម។

សូមបញ្ជាក់ថា រាល់ក្រុមហ៊ុន សាខាក្រុមហ៊ុនបរទេស និងការិយាល័យតំណាងក្រុមហ៊ុនបរទេស ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម មានកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ទាក់ទងទៅនឹងស្ថាន ភាពក្រុមហ៊ុន។

ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម។ កម្រៃសេវាតំកល់ប្រតិវេទន៍ប្រចាំឆ្នាំ គឺត្រឹមតែ៨ម៉ឺនរៀនប៉ុណ្ណោះ ប៉ុន្តែក្នុងករណីមិនបានតម្កល់ប្រតិវេទន៍តាមកាលកំណត់ ក្រុមហ៊ុននឹងត្រូវទទួលពិន័យជាប្រាក់ចំនួន ២លានរៀលក្នុង១ឆ្នាំ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner