ព្រឹត្តិការណ៍រត់ Angkor Ultra-Trail នឹងប្រារព្ធនៅថ្ងៃទី២៤ ខែមករា
ភ្នំពេញ៖ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៩ ឆ្នាំ២០២៦( 9th Angkor Ultra-Trail 2026)នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ក្នុងព្រឹត្តិការណ៍នេះឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលអ្នកផងបានស្គាល់លោកយ៉ាងច្បាស់តាមរយៈការចូលរួមរត់យ៉ាងសកម្មនៅក្នុងកម្មវិធីរត់ប្រណាំងធំៗកន្លងទៅដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង នោះបានប្រកាសថា លោកនឹងបន្តចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៩ ឆ្នាំ២០២៦ លើវិញ្ញាសា ១០០គីឡូម៉ែត្រ ដើម្បីបន្តរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

ប្រាប់បណ្ដាញព័ត៌មានAMS កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម បួនហ៊ីង សុធីយ៉ា បានរំលឹកថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិបានរៀបចំឡើង៨លើករួចមកហើយៗ។ឯកឧត្តមធ្លាប់បានចូលរួមរត់ប្រណាំងចំនួន៥លើកក្នុងនេះធ្លាប់រត់លើវិញ្ញាសា ៦៤គីឡូម៉ែត្រ២លើកនិងរត់១០០គីឡូម៉ែត្រចំនួន៣លើក ។ចំណែកឆ្នាំ២០២៦នេះឯកឧត្តមនឹងបន្តរត់វិញ្ញាសា១០០គីឡូម៉ែត្រម្តងទៀតជាលើកទី៤។ខណៈនេះឯកឧត្តមបានចុះឈ្មោះរត់ចម្ងាយ១០០ គីឡូម៉ែត្ររួចហើយដែរ។

ចំពោះការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ឯកឧត្តមធ្លាប់បានធ្វើឡើងចំនួន២លើករួចហើយ គឺនៅឆ្នាំ២០២៤និងឆ្នាំ២០២៥ ដោយប្រមូលបានថវិកាសរុបចំនួន ២០.១៦៨ ដុល្លារអាម៉េរិក។ដោយឡែកឆ្នាំនេះ ឯកឧត្តម បួនហ៊ីង សុធីយ៉ា មិនរំពឹងខ្ពស់ពេកទេ ពីព្រោះសប្បុរសនិងអ្នកចូលរួមត្រូវជួយទៅច្រើនទិសដៅ ដូចជាជួយដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាដើម។ ដូច្នេះការបរិច្ចាគថវិការបស់បងប្អូនក្នុងក្រុម KKRC ប្រហែលមិនអាចលើស ឬប្រហាក់ប្រហែលនឹងឆ្នាំ២០២៥កន្លងទៅនោះទេ ប៉ុន្តែប្រសិនបើបានប្រហាក់ប្រហែលនឹងឆ្នាំមុន ក៏ល្អដែរ ដើម្បីបន្តបេសកកម្មជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ការព្យាបាលកុមារកម្ពុជា។

ទាក់ទងនឹងការចូលរួមបរិច្ចាគវិញ សប្បុរសជនអាចចូលផ្ទាល់តាមរយៈលោកបានចាប់ពីថ្ងៃនេះតទៅ។ថវិកាបរិច្ចាគទទួលបានពីសប្បុរសជន ឯកឧត្តមនឹងយកទៅជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
គួរជម្រាបថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៩ ឆ្នាំ២០២៦ មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន៖ ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ ។ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុនទេសចរណ៍ Phoenix Voyages ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងដៃគូឧបត្ថម្ភជាច្រើនទៀត។

ព្រឹត្តិការណ៍ឆ្នាំនេះគណៈកម្មការរៀបចំកម្មវិធីរំពឹងថា មានអ្នកចូលរួមប្រហាក់ប្រហែលនឹងឆ្នាំ២០២៤ គឺប្រមាណជា១.៧០០នាក់ ខណៈការចុះឈ្មោះប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មានអ្នកចុះឈ្មោះចំនួន១.២២៩នាក់រួចហើយ ក្នុងនោះកម្ពុជាឈរនៅលេខ១ ដោយមាន៥០០នាក់ ,លេខ២ បារាំង ជាង ៤០០នាក់ និងលេខ៣ វៀតណាម៕
ដោយ៖ជាវ ចន្ធូ
