ចិន រុស្ស៊ី និងអ៊ីរ៉ង់ រួមគ្នាបញ្ចេញសាច់ដុំយោធានៅដែនទឹកអាហ្វ្រិកខាងត្បូង

ប៉េកាំង ៖ កងទ័ពចិន រុស្ស៊ី និងអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានចាប់ដៃគ្នាបញ្ចេញសាច់ដុំយោធាជើងទឹករយៈពេល ១សប្តាហ៍ នៅដែនទឹកអាហ្វ្រិកខាងត្បូង ចំពេលមានភាពតានខ្លាំងតឹងផ្នែកភូមិសាស្រ្តនយោបាយ ។

ល្បែងសង្គ្រាមរបស់ប្រទេសសម្ព័ន្ធមិត្តទាំង ៣ នេះ ធ្វើឡើងមានគោលបំណងធានាសុវត្ថិភាពដល់សកម្មភាពដឹកជញ្ជូន និងសេដ្ឋកិច្ចតាមសមុទ្ររបស់ក្រុមប្រទេស BRICS Plus ក្រោយអាមេរិកធ្វើអន្តរាគមន៍យោធានៅវេណេស៊ុយអេឡា និងរឹបអូសនាវាដឹកប្រេងអស់ជាច្រើនគ្រឿង ។

BRICS Plus គឺជាការពង្រីកប្លុកភូមិសាស្ត្រនយោបាយ ដែលដើមឡើយមានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ប៉ុន្តែឥឡូវនេះ បានរួមបញ្ចូលប្រទេសចំនួន ៦ ផ្សេងទៀត ដើម្បីបង្កើនឥទ្ធិពលប្រកបដោយតុល្យភាព ទប់ទល់នឹងការត្រួតត្រាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ។

សមាជិកបន្ថែមរបស់ប្លុក BRICS រួមមានអេហ្ស៊ីប ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត អេត្យូពី និងអារ៉ាប់រួម ។ មន្ត្រីយោធាចិនដែលដឹកនាំពិធីបើកសមយុទ្ធនេះ បាននិយាយថា ប្រេស៊ីល អេហ្ស៊ីប និងអេត្យូពី បានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ។

បើតាមសេចក្តីថ្លែងការណ៍របស់យោធាអាហ្វ្រិកខាងត្បូង, សមយុទ្ធ WILL FOR PEACE 2026 នេះ បានប្រមូលផ្តុំកងទ័ពជើងទឹកមកពីបណ្ដាប្រទេស BRICS Plus ហាត់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នា ដើម្បីរួមចំណែកការពារសុវត្ថិភាពផ្លូវដឹកជញ្ជូនតាមសមុទ្រ និងស្ថិរភាពដែនសមុទ្រក្នុងតំបន់ទាំងមូល ៕

ប្រភព ៖ al jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner