សម្តេចធិបតីគូសបញ្ជាក់ពីវិធានការដោះស្រាយផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា–ថៃ
សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី១០ ខែមករា បានចេញសារពិសេសជូនជនរួមជាតិស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ដើម្បីស្តារជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាលបាន និងកំពុងវាយតម្លៃជាបណ្តើរៗ ទៅលើទិដ្ឋភាពសំខាន់ៗចំនួន ៣ គឺ៖ ផលប៉ះពាល់ទៅលើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ជាពិសេសបណ្តាញទឹកស្អាត អគ្គីសនី និងទូរគមនាគមន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ច្បាស់ណាស់ពីផលវិបាក និងទុក្ខលំបាកនានារបស់បងប្អូនជនរួមជាតិរបស់យើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ ក្នុងន័យនេះ សម្តេចបានស្នើឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា បន្តពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការជួយសម្រាលបន្ទុកយោធិនកម្ពុជា និងប្រជាពលរដ្ឋជនភៀសសឹក។
រាជរដ្ឋាភិបាល បាន និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានរបស់ខ្លួនដោយមានការចូលរួមពីភាគីពាក់ព័ន្ធព័ន្ធដូចជាបណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនទាំងក្នុងរយៈពេលខ្លីចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។
ក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន កំពុងខ្នះខ្នែងសម្របសម្រួល ដើម្បីឱ្យបងប្អូនជនភៀសសឹកអាចវិលត្រលប់ទៅកាន់លំនៅឋានវិញឱ្យបានឆាប់បំផុតតាមតែអាចធ្វើបាន ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) កំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់ មុនអនុញ្ញាតឱ្យជនភៀសសឹកវិលត្រលប់ទៅកាន់ទីតាំងទាំងនោះវិញ។
ចំពោះបងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដោយសារតែស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរ លើការពង្រឹងជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់ អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងដែលមានភាពប្រសើរជាងពេលបច្ចុប្បន្ន។
ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាត មានដូចជា សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គីសនី និងទូរគមនាគមន៍ ។ល។ ក្រុមការងារចំពោះកិច្ចរបស់រាជរដ្ឋាភិបាល កំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាដៃគូរអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង៕