អ៊ីតាលីត្រៀមដំណើរការសាលាហ្វឹកហ្វឺនយន្តហោះចម្បាំងបំបាំងកាយ F-35 ដំបូងគេ

រ៉ូម ៖ ប្រទេសអ៊ីតាលីបានប្រកាសយកមូលដ្ឋានទ័ពអាកាសមួយនៅទីក្រុង Sicily
ធ្វើជាសាលាហ្វឹកហ្វឺនបើកយន្តហោះចម្បាំងបំបាំងកាយ F-35 ដំបូងគេនៅក្រៅសហរដ្ឋអាមេរិកជាផ្លូវការ ដែលនេះឆ្លុះបញ្ចាំងពីកំណើនតម្រូវការបណ្តុះបណ្តាលពីឡុត បន្ទាប់ពីកើនឡើងការបញ្ជាទិញយន្តហោះ F-35 ថ្មីនៅអឺរ៉ុប ។

បើតាមក្រសួងការពារជាតិអ៊ីតាលី, ការិយាល័យកម្មវិធីរួមនៃយន្តហោះ F-35 ហៅកាត់ថា (JPO) និងក្រុមហ៊ុនផលិតអាវុធយក្ស Lockheed Martin របស់អាមេរិក នឹងចុះត្រួតពិនិត្យការត្រៀមលក្ខណៈ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅមូលដ្ឋានទ័ពអាកាស Trapani-Birgi ។

យោងតាមសារព័ត៌មាន Defense News, ការបណ្តុះបណ្តាលយន្តហោះ F-35 ដំបូង គ្រោងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៨ ខណៈដែលការសាងសង់មជ្ឈមណ្ឌល Lightning Training Centre នឹងរួចរាល់នៅខែកក្កដា ឆ្នាំ២០២៩ ដោយចំណាយលុយប្រមាណ ១៣១,៤លានដុល្លារ រ៉ាប់រងដោយប្រទេសអ៊ីតាលី ។

ក្រសួងការពារជាតិអ៊ីតាលីបន្ថែមថា មជ្ឈមណ្ឌលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងឆ្លើយតបតាមកំណើនតម្រូវកា សម្រាប់ការបណ្តុះបណ្តាលពីឡុតបើកយន្តហោះចម្បាំងបំបាំងកាយ F-35 ដោយសារតែការកើនឡើងការចូលរួមរបស់អង្គការណាតូ និងប្រជាជាតិអឺរ៉ុបនៅក្នុងកម្មវិធីយន្តហោះ F-35 របស់អាមេរិក ។

គួរកត់សម្គាល់ F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយល្អដាច់គេនៅលើពិភពលោក ផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាមានកៅអីសម្រាប់ពីឡុតតែម្នាក់គត់ និងជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាស និងទៅលើដី។

F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០លានដុល្លារទៅតាមប្រភេទយន្ដហោះចម្បាំងនេះ ដែលមានសរុបចំនួនបីប្រភទគឺ៖ ទី ១ ប្រភេទ F-35A ជាប្រភេទយន្ដហោះចម្បាំងអាចហោះឡើង និងចុះចតធម្មតា, ទី ២ ប្រភេទ F-35B អាចហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ និងទី ៣ ប្រភេទ F-35C ជាប្រភេទយន្ដហោះចម្បាំងសម្រាប់ដាក់ឲ្យដំណើរការលើនាវាផ្ទុកយន្ដហោះចម្បាំង៕

ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner