លោក ដូណាល់ ត្រាំ ត្រៀមប្រកាសពីជម្រើសឆ្លើយតបបាតុកម្មនៅអ៊ីរ៉ង់សប្តាហ៍នេះ

វ៉ាស៊ីតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជូនដំណឹងដល់មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក នៅថ្ងៃទី១៣ ខែមករានេះ ពាក់ព័ន្ធនឹងជម្រើសជាក់លាក់នានា ដើម្បីឆ្លើយតបទៅនឹងការតវ៉ាដ៏បង្ហូរឈាមនៅអ៊ីរ៉ង់ ដែលបានស្លាប់មនុស្សកើនឡើងជាង ៥០០នាក់ហើយ ។

កាសែត Wall Street Journal ដកស្រង់ប្រភពពីមន្រ្តីអាមេរិក ចុះផ្សាយក្នុងថ្ងៃចន្ទនេះថា កិច្ចប្រជុំដែលលោកប្រធានាធិបតី ត្រាំ គ្រោងធ្វើឡើងនេះ នឹងក្លាយជាការពិភាក្សាអំពីជំហានបន្ទាប់ដែលអាចធ្វើទៅបាន រួមទាំងការវាយប្រហារដោយយោធា ការវាយលុកតាមអ៊ីនធឺណិតប្រឆាំងទីតាំងយោធា និងស៊ីវិលរបស់អ៊ីរ៉ង់ ការដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាលអ៊ីរ៉ង់ និងការបង្កើនប្រភពប្រឆាំងរដ្ឋាភិបាលតាមប្រព័ន្ធអ៊ីនធឺណិត ។

នៅមុនកិច្ចប្រជុំនេះដែរ លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ ដែលបានប្រើពាក្យសម្តីសម្លុតគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមករាថា អ៊ីរ៉ង់កំពុងសម្លឹងមើលសេរីភាព ដែលប្រហែលជាមិនធ្លាប់មានពីមុនមក ដូច្នេះសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនជួយ ។

គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ៥៣៨នាក់ និងមនុស្សច្រើនជាង ១០.៦០០នាក់ផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន នេះបើយោងតាមប្រភពពីសារព័ត៌មាន AP ៕

ប្រភព ៖ The Straits Times និង AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner