អ៊ីរ៉ង់ គំរាមសងសឹកភ្លាមៗ បើសិន អាមេរិក និងអ៊ីស្រាអែល វាយប្រហារខ្លួន
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានស្រែកគំរាមធ្ងន់ៗថា ខ្លួននឹងបើកការវាយលុកមូលដ្ឋានទ័ពអាមេរិក និងអ៊ីស្រាអែលភ្លាមៗ បើសិនទីក្រុងវ៉ាស៊ីនតោន និងហ៊្សេរុយសាឡឹម ហ៊ានបើកការវាយប្រហារលើទីក្រុងតេហេរ៉ង់ ។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ប្រាប់សភាថា ប្រទេសអ៊ីរ៉ង់ បានចេញការព្រមានចំៗទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យថា ការវាយប្រហារណាមួយរបស់អាមេរិក នឹងនាំឱ្យទីក្រុងតេហេរ៉ង់ វាយប្រហារសងសឹកវិញភ្លាមៗប្រឆាំងនឹងអ៊ីស្រាអែល ហើយមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ ក៏នឹងក្លាយជាគោលដៅស្របច្បាប់ផងដែរ ។
ការព្រមាននេះ កើតឡើងស្របពេលដែលប្រភពព័ត៌មានមួយចំនួន បាននិយាយថា អ៊ីស្រាអែលកំពុងត្រៀមលក្ខណៈ និងប្រុងជើងការខ្ពស់បំផុត ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្តអាមេរិក ក្នុងករណីមានការអន្តរាគមន៍របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីគាំទ្រចលនាតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់ ។
ការតវ៉ាបានរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ជាការឆ្លើយតបទៅនឹងអតិផរណាដ៏ខ្ពស់ ហើយបាតុកម្មបានប្រែក្លាយទៅជាបញ្ហានយោបាយយ៉ាងឆាប់រហ័ស ដោយក្រុមបាតុករទាមទារឱ្យបញ្ចប់របបគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ីស្លាមមួយនេះ ។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់ចំៗថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថា បានញុះញង់បញ្ឆេះឱ្យមានការតវ៉ាដ៏ហិង្សាបែបនេះ ក្នុងន័យផ្តួលរលំរបបដឹកនាំក្នុងប្រទេសអ៊ីរ៉ង់ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា