គណ:បញ្ជាការរដ្ឋបាលខេត្តបាត់ដំបងដាក់ចេញវិធានការម៉ឺងម៉ាត់ប្រឆាំងព័ត៌មានក្លែងក្លាយ
បាត់ដំបង៖ដោយបន្តមិនបន្ធូរដៃចំពោះការបំពុលសង្គមដោយព័ត៌មានក្លែងក្លាយ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញនូវបទបញ្ជាការនិងវិធានការកាន់តែម៉ឺងម៉ាត់ដល់គ្រប់គណៈបញ្ជាការឯកភាពស្រុក-ក្រុងទាំង១៤ ស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត និងគ្រប់កងកម្លាំងទាំងបីរបស់ខេត្ត ចូលរួមទប់ស្កាត់លុបបំបាត់ភ្លាមៗនូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំពុលសង្គម ដែលមានចេតនាបំផ្លាញសុខសុវត្ថិភាព ការរស់នៅរបស់ប្រជាពលរដ្ឋ ។

ក្នុងកិច្ចប្រជុំការងារប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦,សកម្មភាពរួមគ្នាពីគ្រប់ផ្នែកនៃរដ្ឋបាលខេត្តបាត់ដំបងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជាប្រធានបទមួយដែលឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តយកចិត្តទុកដាក់។ជាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសថៃ និងរងគ្រោះដោយការវាយប្រហារពីយោធាថៃមុនមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះ ឯកឧត្តម សុខ លូ បានប្រាប់ដល់ន្រ្តីថ្នាក់ដឹកនាំចូលរួមថា ត្រូវមានចំណាត់ការទប់ស្កាត់លុបបំបាត់ភ្លាមៗនូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំពុលសង្គម ដែលមានចេតនាបំផ្លាញសុខសុវត្ថិភាព ការរស់នៅរបស់ប្រជាពលរដ្ឋ និងញុះញង់ធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិធ្ងន់ធ្ងរ។ឯកឧត្តមបញ្ជាក់ថា ត្រូវមានវិធានការចំណាត់ការភ្លាមៗឱ្យបានម៉ឺងម៉ាត់ជាដាច់ខាត ដោយមិនត្រូវទុក
ឱ្យបុគ្គលទាំងនោះរួចពីសំណាញ់ច្បាប់ឡើយ។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្តបានណែនាំទៅគ្រប់រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ដល់វីរយុទ្ធជនការពារព្រំដែនដល់ក្រុមគ្រួសារវីរយុទ្ធជនសមរភូមិមុខ,ប្រជាពលរដ្ឋភៀសសឹកដែលលំបាកខ្វះខាត ។ដោយឡែកប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចមូលដ្ឋានរបស់ខ្លួន ក៏ត្រូវយកចិត្តទុកដាក់ជាប្រចាំដែរ ជាមួយនឹងការពង្រឹងសកម្មភាព
អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឱ្យកាន់តែម៉ឺងម៉ាត់។
ត្រឡប់ទៅនិយាយអំពីការបន្តអភិវឌ្ឍន៍ខេត្តវិញ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានគូសរំលេចថា នៅក្នុងឆ្នាំ២០២៦នេះ ខេត្តនឹងទទួលបាននូវគម្រោងអភិវឌ្ឍន៍ការស្តារនិងស្ថាបនាផ្លូវចំនួន២១ខ្សែ ប្រវែងជិត១១គីឡូម៉ែត្រពីគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ដោយឡែកគម្រោងស្ថាបនាផ្លូវចំនួន១៦ខ្សែ ដែលរដ្ឋបាលខេត្តទទួលបានពីរាជរដ្ឋាភិបាល ចំនួន៧ខ្សែ និងគម្រោងរបស់ខេត្តចំនួន ៩ខ្សែ ។
ឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេនខេត្តបាត់ដំបង នឹងកាន់តែរក្សា
នូវភាពខ្លាំង ភាពធន់របស់ខ្លួនបន្ថែមទៀត៕
អត្ថបទនិងរូបភាព៖អ៊ុក សំអាន
