លោក ត្រាំ ចង់លើកបន្តុបរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើជាប្រធានាធិបតី គុយបា
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងលើកបន្តុបរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលមានឪពុកម្តាយជាជនអន្តោប្រវេសន៍គុយបា ឲ្យឡើងធ្វើជាប្រធានាធិបតីបន្ទាប់របស់ប្រទេសជាកោះមួយនេះ ។
ឆ្លើយតបទៅនឹងសារមួយដែលបង្ហោះដោយអ្នកលេងបណ្ដាញសង្គម X ឈ្មោះ Cliff Smith តាំងតែពីថ្ងៃទី៨ ខែមករា ដែលសរសេររៀបរាប់បែបលេងសើចថា លោក Marco Rubio នឹងក្លាយជាប្រធានាធិបតីគុយបា នោះ លោក ត្រាំ បានបញ្ចេញមតិយោបល់តបទៅវិញថា ការលើកបន្តុបបែបនេះគឺជារឿងល្អ សម្រាប់រូបលោក ។
បន្ទាប់ពីឃើញសាររបស់លោក ត្រាំ ភ្លាម , រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានបង្ហោះ នៅលើបណ្តាញសង្គម X ដោយទទូចថា «ភាពត្រឹមត្រូវ និង យុត្តិធម៌ គឺស្ថិតនៅលើប្រទេសគុយបា»។
ការប្រលយពាក្យសម្តីដ៏ភ្ញាក់ផ្អើលនេះធ្វើឡើងនៅមួយសប្តាហ៍ បន្ទាប់ពីកងកម្លាំងអាមេរិកបានចូលទៅចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដល់ក្នុងទីក្រុងការ៉ាកាស បន្ទាប់ពីលោក ត្រាំ ចោទថា ជាជនផ្តាច់ការ ។
ប្រតិបត្តិការនោះបានសម្លាប់កងកម្លាំងសន្តិសុខវេណេស៊ុយអេឡា និងគុយបាដែលជាសម្ព័ន្ធមិត្តក្នុងមុខជំនួញប្រេង រាប់សិបនាក់ផងដែរ ។
បើតាម BBC, លោក ត្រាំ ក៏បានជំរុញឱ្យគុយបា ធ្វើកិច្ចព្រមព្រៀង ឈប់ទទួលរំហូរប្រេង និងលុយ របស់វេណេស៊ុយអេឡា ជាបន្ទាន់ផងដែរ ។ លោកថា បើមិនដូច្នេះទេ ប្រទេសគុយបានឹងប្រឈមមុខផលវិបាកដូចវ៉េណេស៊ុយអេឡាផងដែរ ។
ឆ្លើយតបនឹងការព្រមាននេះ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez លើកឡើងថា ប្រទេសរបស់លោករក្សាសិទ្ធិ ក្នុងការនាំចូលប្រេងឥន្ធនៈ ដោយគ្មានការជ្រៀតជ្រែក ។ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និយាយថា អាមេរិកគ្មានសិទ្ធិអំណាចមកកំណត់វាសនា លើប្រទេសរបស់លោក ស្រេចតែចិត្តនោះទេ ៕
ប្រភពពី AFP, BBC ប្រែសម្រួល៖ សារ៉ាត