អ៊ីស្រាអែលបញ្ជាទ័ពឱ្យប្រុងជើងការខ្ពស់ ខណៈអាមេរិកគំរាមអន្តរាគមន៍នៅអ៊ីរ៉ង់
ហ៊្សេរុយសាឡឹម ៖ អ៊ីស្រាអែលបានចាត់វិធានបង្កើនការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស និងបញ្ជាឱ្យកងទ័ពប្រុងជើងការក្នុងកម្រិតខ្ពស់ ខណៈដែលអ៊ីស្រាអែលបានត្រៀមខ្លួន ចំពោះការប្រឈមមុខដែលអាចកើតឡើងជាមួយអ៊ីរ៉ង់ ក្រោយអាមេរិកគំរាមចូលអន្តរាគមន៍ជួយបាតុករនៅអ៊ីរ៉ង់ ។
បើតាមវិទ្យុកងទ័ពអ៊ីស្រាអែល, កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្កើនការត្រៀមខ្លួន សម្រាប់សេណារីយ៉ូ ដែលអាចកើតមាន ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ហើយបានបញ្ជាឱ្យកម្លាំងយោធាគ្រប់ផ្នែកប្រុងជើងការក្នុងកម្រិតខ្ពស់ ។
ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយ Kan របស់អ៊ីស្រាអែល, បទបញ្ជានេះ ធ្វើឡើងផ្តោតសំខាន់លើការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ម៉ោងលើ២៤ម៉ោង រួមទាំងការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីល Iron Dome ផងដែរ ។
ដោយដកស្រង់សម្តីមន្ត្រី ប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ថា អ៊ីស្រាអែលវាយតម្លៃថា អ៊ីរ៉ង់ទំនងជាមិនវាយប្រហារអ៊ីស្រាអែលទេ លុះត្រាតែសហរដ្ឋអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទឹកដីអ៊ីរ៉ង់មុន ។
ការត្រៀមខ្លួនរបស់អ៊ីស្រាអែល កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់បន្តការតវ៉ា ដោយលោកបានអះអាងថា “ជំនួយកំពុងធ្វើដំណើរការទៅហើយ” ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ។
សូមរម្លឹកថា អ៊ីស្រាអែល និងអ៊ីរ៉ង់ ធ្លាប់បានផ្ទុះសង្រ្គាមរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ ២០២៥ ក្នុងនោះអ៊ីស្រាអែលបានប្រើប្រាស់យន្ដហោះចម្បាំងវាយកម្ទេចគោលដៅយោធាអ៊ីរ៉ង់អស់ជាច្រើនកន្លែង ដែលធ្វើឱ្យជម្លោះរវាងប្រទេសគួសត្រូវស៊ីសាច់ហុតឈាមទាំងពីរ នៅតែបន្តស្ថិតក្នុងភាពតានតឹងបំផុតមកទល់សព្វថ្ងៃនេះ ៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា