ប្រធានគណៈកម្មាធិការសិទ្ធមនុស្សបញ្ជាក់ពីសារៈសំខាននៃការដាក់ប្រអប់បណ្តឹងនៅពន្ធនាគារ
ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.)បានបញ្ជាក់អំពីសារៈសំខាន់នៃ ការដាក់ប្រអប់បណ្តឹងនៅតាមបណ្ដាពន្ធនាគារ។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបំពាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែម នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) និងមណ្ឌលអប់រំកែប្រែទី១(ម១)។
ពីទីនោះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់អំពីគោលបំណាងនៃការបំពាក់ប្រអប់ពាក្យបណ្ដឹងនៅតាមបណ្ដាពន្ធនាគារ។សារៈសំខាន់នៃប្រអប់បណ្តឹង គឺក្នុងគោលដៅលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាប់ឃុំ ក៏ដូចជាការការពារនូវកិត្តិយស មុខមាត់របស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងឆាកអន្តរជាតិ ទប់ស្កាត់ការផ្សព្វផ្សាយនូវរាល់ព័ត៌មានទុច្ចរិត ញុះញង់ និងបំភ្លៃខុសពីការពិតនៃស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារ ។
ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ដែលបានចូលរួមសហការក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកន្លែងឃុំឃាំង ជាពិសេសការមិនរើសអើង និងមិនប្រើអំពើហិង្សាលើជនជាប់ឃុំដោយប្រកាន់ខ្ជាប់នូវការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
បន្ថែមពីនេះឯកឧត្តមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានលើកទឹកចិត្តដល់ជនជាប់ឃុំទាំងអស់ខិតខំកសាងខ្លួន ស្តាប់ និងគោរពតាមបទបញ្ជារបស់ពន្ធនាគារ៕



ដោយ៖គ្រី សម្បត្តិ