ឥណ្ឌូនេស៊ីស្នើបង្កើនប៉ូលិសចំនួន ២១,០០០ នាក់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ

ហ្សាកាតា ៖ រដ្ឋមន្ត្រីក្រសួងព្រៃឈើឥណ្ឌូនេស៊ី លោក Raja Juli Antoni បានស្នើសុំឱ្យបង្កើនមន្ត្រីប៉ូលិសព្រៃឈើចំនួន ២១,០០០នាក់ ដើម្បីពង្រឹងការត្រួតពិនិត្យ និងពង្រីកការការពារព្រៃឈើទូទាំងប្រទេស ។

សារព័ត៌មានស៊ីនហួរបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ថា សំណើនេះធ្វើឡើងបន្ទាប់ពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីថ្មីៗនេះនៅកោះស៊ូម៉ាត្រា ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ីមានមន្ត្រីប៉ូលិសព្រៃឈើប្រហែល ៤,៨០០នាក់ប៉ុណ្ណោះ ខណៈដែលសំណើថ្មីនេះ មានគោលបំណងបង្កើនចំនួនសរុបដល់ ២៥,០០០នាក់ ដើម្បីពង្រីកការត្រួតពិនិត្យព្រៃឈើទំហំ ៥,០០០ហិកតា ។

បុគ្គលិកបន្ថែមនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យការត្រួតពិនិត្យ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់កាន់តែប្រសើរឡើង ជាពិសេសពង្រឹងផ្នែកសន្តិសុខការពារព្រៃឈើ ។

ស្របពេលជាមួយគ្នានោះ ក្រសួងព្រៃឈើឥណ្ឌូនេស៊ីក៏បានស្នើឱ្យពង្រីកចំនួនអង្គភាពអនុវត្តច្បាប់ព្រៃឈើពី ១០ ទៅ ២៤ ផងដែរ ។ ក្នុងនោះ អង្គភាពដែលបានបង្កើន នឹងត្រូវរ៉ាប់រងមុខងារការពារព្រៃឈើ ក៏ដូចជាគ្រប់គ្រងភ្លើងឆេះព្រៃ និងដីធ្លីនៅតាមបណ្តាខេត្តនានា ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner