ក្រសួងរៀបចំដែនដីយកចិត្តទុកដាក់បង្កើតដង្ហើមសេដ្ឋកិច្ចនៅតាមតំបន់ដីសម្បទានសង្គមកិច្ច ដើម្បីលើកស្ទួយការអភិវឌ្ឍដោយចីរភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងយកចិត្តទុកដាក់បង្កើតដង្ហើមសេដ្ឋកិច្ចនៅតាមតំបន់ដីសម្បទានសង្គមកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។

កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ទស្សនទានឆ្ពោះទៅការរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច» ដែលរៀបចំឡើងពេញមួយថ្ងៃនៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្តើមចេញពីថ្ងៃនេះ យើងមានទស្សនទានរួមលើការប្រែក្លាយគោលនយោបាយដីសម្បទានសង្គមកិច្ចមកជាគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយមានជម្រើសប្រើប្រាស់វិធីសាស្រ្តច្រើនក្នុងការអនុវត្ត ហើយទៅមុខទៀត ទាំងការតាក់តែងគោលនយោបាយ និងការអនុវត្តការងារនេះត្រូវផ្តោតលើការកសាងខឿនសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីធ្វើឱ្យសង្គមកាន់តែរុងរឿង តាមរយៈការគិតគូរលើការពង្រឹងជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដោយភ្ជាប់ជាមួយការធ្វើសមាហរណកម្មនគរូបនីយកម្ម សំដៅរៀបចំទីក្រុង ទីប្រជុំជន សហគមន៍ និងភូមិឋានប្រជាពលរដ្ឋឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងនោះមានការបំពេញបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានសមរម្យ បង្កើតដង្ហើមសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតយូរអង្វែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំជ្រោមជ្រែងក្រសួងរៀបចំដែនដី ក្នុងការអនុវត្តគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល បានល្អប្រសើរ និងមានប្រសិទ្ធភាពជាងមុន។

គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណូល លើកស្ទួយជីវភាពរស់នៅ និងធានាសន្តិសុខស្បៀងអាហាររបស់គ្រួសារសម្បទានិក។ គម្រោងនេះមិនមែនគ្រាន់តែជាការផ្តល់ដីធ្លីដល់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាការកែប្រែជីវិតពួកគាត់ឱ្យកាន់តែប្រសើរ តាមរយៈការរៀបចំជាសហគមន៍សម្រាប់ដាំដំណាំ និងចិញ្ចឹមសត្វ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបង្កើតឱកាសការងារ សំដៅធានាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរជាងមុន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមមួយចំនួនរបស់សង្គមជាតិ ដូចជាបញ្ហាសំណង់មិនរៀបរយនៅរាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងកែបជាដើម។ ឯកឧត្តមបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ បញ្ហាសំខាន់ៗដែលត្រូវដោះស្រាយមាន ៣ គឺការកាត់បន្ថយការកកស្ទះចរាចរណ៍ ការរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ជៀសការជន់លិចក្នុងរដូវភ្លៀង និងការដោះស្រាយបញ្ហាសំណង់មិនរៀបរយ។ បញ្ហាទាំងនេះមានភាពប្រទាក់ក្រឡាគ្នា ហើយត្រូវការការគិតគូរដោះស្រាយរួមគ្នា ដើម្បីបញ្ចប់បញ្ហាកុំឱ្យកើតមានបន្តទៀត៕

អត្ថបទ៖ ហេង វណ្ណា
រូបភាព៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner