លោក ពូទីន ថានឹងបន្តជួយគុយបា ចំពេលអាមេរិកគំរាម
មូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ី បានអះអាងថា រដ្ឋាភិបាលវិមានក្រឹមឡាំងនឹងបន្តផ្តល់ជំនួយ ដល់ប្រទេសគុយបា។ ជាការសន្យា ចំពេលដែលប្រទេសគុយបា រងការគំរាមពីសំណាក់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
បើតាមសារព័ត៌មាន AFP, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «ប្រទេសរុស្ស៊ី ពិតជាមានទំនាក់ទំនងដ៏រឹងមាំ និងមិត្តភាព ជាមួយសាធារណរដ្ឋគុយបា ហើយឈរ នៅក្នុងសាមគ្គីភាព ជាមួយនឹងការប្តេជ្ញាចិត្តការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន តាមគ្រប់មធ្យោបាយ»។
មេដឹកនាំ វិមានក្រឹមឡាំង រូបនេះ បានថ្លែងដូច្នេះ នៅក្នុងពិធីទទួលបានលិខិតសារតាំង ពីឯកអគ្គរដ្ឋទូត នៃ រដ្ឋបរទេសនានា កាលពីថ្ងៃទី១៥ ខែមករា។
ការលើកឡើងនេះធ្វើឡើង ចំពេលដែលអាមេរិកបានព្រមានថា គុយបា អាចមានវាសនា ដូចវេណេស៊ុយអេឡា ដែលអាមេរិកចូលទៅចាប់ខ្លួន មេដឹកនាំ នីកូឡាស់ ដល់រដ្ឋធានីការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា។ ក្នុងចំណោមអ្នកស្លាប់រាប់សិបនាក់ នៅវេណេស៊ុយអេឡា ក្រោមស្នាដៃរបស់អាមេរិក នាពេលនោះ ក៏មានទាំងកងកម្លាំងប្រទេស គុយបា ផងដែរ។
បើតាម BBC, ថ្មីៗនេះ លោក ត្រាំ បានជំរុញឱ្យ គុយបា ធ្វើកិច្ចព្រមព្រៀង ឈប់ទទួលរំហូរប្រេង និងលុយ របស់វេណេស៊ុយអេឡា។ លោកថា បើមិនដូច្នេះទេ ប្រទេសគុយបានឹងប្រឈមមុខផលវិបាកដូចវ៉េណេស៊ុយអេឡា។
ឆ្លើយតបនឹងការព្រមាននេះ គុយបា អះអាងថា ប្រទេសរបស់ខ្លួនរក្សាសិទ្ធិ ក្នុងការនាំចូលប្រេងឥន្ធនៈ ដោយគ្មានការជ្រៀតជ្រែក ហើយ អាមេរិកគ្មានសិទ្ធិអំណាចមកកំណត់វាសនា លើប្រទេសរបស់ខ្លួន ស្រេចតែចិត្តនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថែមទាំងបានបង្ហាញពីបំណង លើកបន្តុប រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលមានឪពុកម្តាយជាជនអន្តោប្រវេសន៍គុយបា ឲ្យឡើងធ្វើជាប្រធានាធិបតីបន្ទាប់ របស់ប្រទេស ជាកោះមួយនេះ ទៀតផង៕
ប្រភពពី AFP, BBC ប្រែសម្រួល ៖ សារ៉ាត