អាមេរិកប្រឈមបាត់សមាជិកភាពណាតូ ក្រោយគំរាម Greenland

បរទេស ៖ សហរដ្ឋអាមេរិកអាចនឹងលែងជាសមាជិក របស់អង្គការយោធា ណាតូ ក្រោយពេលដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ គំរាមលើតំបន់ស្វយ័ត Greenland នៅប្រទេសដាណឺម៉ាក។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT កាលពីថ្ងៃសៅរ៍, អតីតអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា លោកមិនអាចសន្យាថា សហរដ្ឋអាមេរិកនឹងនៅតែស្ថិត ក្នុងប្លុកនេះ ទៀតទេ។ ជាការបញ្ជាក់ តាមរយៈបទសម្ភាសន៍ ថ្មីៗនេះ ជាមួយសារព័ត៌មាន Der Spiegel។

លោកបានបន្ថែមថា បណ្តាប្រទេសនៅអឺរ៉ុប ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះរឿងដែលទីក្រុងវ៉ាស៊ីនតោន និយាយថា ចង់កាន់កាប់ Greenland។ លោកបានបន្ថែមថា ការគោរពអធិបតេយ្យភាព របស់សម្ព័ន្ធមិត្តណាតូ គឺជារឿងចាំបាច់។ ប្រទេស ដាណឺម៉ាក ទទូចថា កោះនេះមិនមែនសម្រាប់លក់ទេ ហើយអនាគតរបស់ Greenland ត្រូវតែសម្រេច ដោយអ្នកស្រុករបស់ខ្លួន ដែលបានបោះឆ្នោត កាលពីឆ្នាំ២០០៨ ដើម្បីរក្សាស្វ័យភាពរបស់ពួកគេ នៅដាណឺម៉ាក ដែលរួមបញ្ចូលទាំងសិទ្ធិ ក្នុងការគ្រប់គ្រង ការជីកយករ៉ែ ផងដែរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្មីៗនេះ បានជំរុញឡើងវិញ ដើម្បីឲ្យបានគ្រប់គ្រង កោះអាកទិក ដែលសម្បូរទៅដោយសារធាតុរ៉ែមួយនេះ ហើយថែមទាំងបានបដិសេធ មិនព្រមឲ្យដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូ ខណៈដែលប្លុកនេះប្រឆាំងនឹងមហិច្ឆិតារបស់លោក ដែលបានបង្កើនភាពតានតឹង ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងចោទសួរអំពីការរួបរួមរបស់អង្គការមួយនេះ នាពេលអនាគត។

លោក Trump បានអះអាងថា មានតែអធិបតេយ្យភាព របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចការពារកោះនេះ ពីការកាន់កាប់ ដោយចិន ឬ រុស្ស៊ី ប៉ុន្តែ ជាការចោទប្រកាន់ ដែលត្រូវបានច្រានចោល ដោយប្រទេសទាំងពីរ។ លោកបានព្រមាន កាលពីថ្ងៃសុក្រថា លោកអាចនឹងដាក់ពន្ធលើដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលបដិសេធមិនគាំទ្រ ឲ្យអាមេរិកគ្រប់គ្រង Greenland ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner