មនុស្សរាប់ពាន់នាក់ដើរដង្ហែនៅបារាំង គាំទ្រក្រុមបាតុករអ៊ីរ៉ង់
តេហេរ៉ង់ ៖ មនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួននៅបារាំង កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញការគាំទ្រដល់បាតុករ ក្នុងប្រទេសអ៊ីរ៉ង់ ដែលប្រថុយជីវិតរបស់ពួកគេ ទាមទារឱ្យបញ្ចប់ការគ្រប់គ្រង របស់មេដឹកនាំបច្ចុប្បន្ន។
នៅទីក្រុងប៉ារីស, បាតុករ ខ្លះ ស្រែកថា «ស្លាប់ទៅ Khamenei» ដោយសំដៅលើមេដឹកនាំកំពូល អាយុ ៨៦ ឆ្នាំ គឺលោក Ayatollah Ali Khamenei ។
បាតុករ Galia ជាស្ត្រីអាយុ ៣៦ឆ្នាំ ដែលមិនបានប្រាប់ពីនាមត្រកូល ដើម្បីការពារគ្រួសាររបស់ខ្លួន, បាននិយាយថា នាងមានអារម្មណ៍ថា មានសង្ឃឹម ទោះបីជា ការគាបសង្កត់ ការធ្វើទារុណកម្ម ការភ័យខ្លាច ការប្រហារជីវិត នាពេលខាងមុខ នៅក្នុងប្រទេសអ៊ីរ៉ង់។ នាងរៀបរាប់ថា «រាល់ដង ខ្ញុំប្រាប់ខ្លួនឯងថា ការធ្វើបែបនេះ មនុស្សនឹងមានសេរីភាព..ប្រហែលជាមិនមែនពេលនេះទេ ប៉ុន្តែ ពេលវេលា នឹងមកដល់»។
Amir ដែលជានិស្សិត ជនជាតិអ៊ីរ៉ង់ អាយុ២៣ឆ្នាំ ដែលមិនចង់បញ្ចេញនាមត្រកូល បាននិយាយថា លោកចង់បានសេរីភាព។ លោកបានមានប្រសាសន៍ថា «ការដួលរលំនៃរបបនេះ គឺ ជៀសមិនរួចទេ យើងមិនអាចរស់នៅបែបនេះបានទេ…ការគាបសង្កត់ មិនអាចឈ្នះបានទេ នៅទីបំផុត សេរីភាពនឹងឈ្នះ»។
លោក Nasser Razi សមាជិកក្រុមប្រឹក្សាជាតិនៃការតស៊ូ ក្នុងក្រុមប្រឆាំងអ៊ីរ៉ង់ បាននិយាយថា ការអត់ធ្មត់ គឺ ត្រូវការជាចាំបាច់ ដោយលោកអះអាងថា «របបនេះនឹងមិនដួលរលំ ក្នុងរយៈពេល មួយឬពីរថ្ងៃ នេះទេ»។
បាតុកម្ម ដែលរៀបចំឡើង តាំងពីចុងខែធ្នូ ឆ្នាំ២០២៥, មានរបាយការណ៍ផ្សេងៗគ្នា អំពីតួលេខបាតុករស្លាប់។ ខ្លះបង្ហាញថា ស្លាប់ជាង ៣ពាន់នាក់, ខ្លះថា ជាង៥ពាន់នាក់, ខ្លះទៀតថា ជាង១ម៉ឺននាក់ ហើយ អាចឈានដល់ ២ម៉ឺននាក់។
យ៉ាងណា បើតាម RT, មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍ បានថ្លែងស្តីបន្ទោសចំៗ លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ឆេះឲ្យមានបាតុកម្ម បង្ហូរឈាម ដើម្បីគ្រប់គ្រងធនធាន របស់អ៊ីរ៉ង់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត