អូស្ត្រាលីបិទឆ្នេរសមុទ្រ ខណៈត្រីឆ្លាមខាំមនុស្សចំនួន ៣លើក របួសធ្ងន់ ២នាក់
ស៊ីដនី ៖ អាជ្ញាធរអូស្ត្រាលីបង្ខំចិត្តបិទឆ្នេរសមុទ្រទាំងអស់នៅភាគខាងជើងទីក្រុងស៊ីដនី ក្រោយមានហេតុការណ៍ត្រីឆ្លាមខាំមនុស្សចំនួន ៣លើកក្នុងរយៈពេលត្រឹមតែពីរថ្ងៃ ដែលបណ្តាលឱ្យមនុស្សចំនួន ២នាក់រងរបួសធ្ងន់ធ្ងរ ។
ឆ្នេរទាំង ២០ នៅតំបន់ឆ្នេរភាគខាងជើងទីក្រុងស៊ីដនី នឹងត្រូវបិទជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងបន្ថែម ចាប់ពីថ្ងៃអង្គារនេះ ។
ក្នុងចំណោម ៣លើក មានបុរសម្នាក់អាយុ ២០ឆ្នាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីគាត់ត្រូវបានត្រីឆ្លាមខាំជើង ខណៈពេលកំពុងលេងកម្សាន្តនៅឆ្នេរមួយកន្លែងក្នុងទីក្រុង Manly មានចម្ងាយ ១០គីឡូម៉ែត្រ ពីឆ្នេរភាគខាងជើងទីក្រុងស៊ីដនី ។
នៅព្រឹកថ្ងៃដដែល ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ទៀតបានរត់គេចខ្លួនដោយគ្មានរបួស នៅពេលដែលក្តារហែលទឹករបស់គាត់ត្រូវបានត្រីឆ្លាមខាំនៅឆ្នេរ Dee Why មានចម្ងាយ ៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃទីក្រុង Manly ។
ការវាយប្រហារទាំងនោះ បានកើតឡើងបន្ទាប់ពីក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរនៅត្រង់ជើងទាំងពីរ ដោយសារត្រីឆ្លាមខាំនៅឆ្នេរភាគខាងត្បូងនៃកំពង់ផែក្រុងស៊ីដនី កាលពីរសៀលថ្ងៃអាទិត្យ ។
ជាការឆ្លើយតប អាជ្ញាធរអូស្ត្រាលីបានចាត់វិធានការកែលម្អប្រព័ន្ធព្រមាន ខណៈពេលដែលបច្ចុប្បន្ន នៅមិនទាន់មានឧបករណ៍ការពារការវាយប្រហារពីត្រីឆ្លាមនៅឡើយ ៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា