រុស្ស៊ីថា លោក ត្រាំ នឹងត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្រពិភពលោក បើសិនអាមេរិកឈ្លានពានកោះ Greenland
មូស្គូ ៖ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ស្របស្រដៀងគ្នានឹងអ្នកជំនាញថា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្រ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោក បើសិនរូបលោកចេញបញ្ជាឱ្យដណ្តើមយកកោះ Greenland មកគ្រប់គ្រង ។
ការអះអាងបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានទទូចម្តងហើយម្តងទៀតថា លោកនឹងដោះស្រាយដោយមិនខ្វល់ពីអ្វីទាំងអស់ ឱ្យតែអាចគ្រប់គ្រងលើកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ។
លោកថា កោះយុទ្ធសាស្រ្តនេះមានសារសំខាន់ខ្លាំងចំពោះសន្តិសុខជាតិអាមេរិក ហើយបើសិនទីក្រុងវ៉ាស៊ីនតោនមិនគ្រប់គ្រង Greenland ទេ នោះរុស្ស៊ី ឬចិននឹងធ្វើរឿងនេះនាពេលអនាគត ។
ឆ្លើយតបការសម្លុតគំរាមរបស់លោក ត្រាំ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា មានអ្នកជំនាញអន្តរជាតិដែលជឿថា បើសិនលោក ត្រាំ បញ្ជាក្រសោបយកកោះ Greenland នោះ ឈ្មោះរបស់គាត់ ពិតជានឹងត្រូវចារក្នុងប្រវត្តិសាស្ត្រ ។
ហើយមិនត្រឹមតែនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ ។
ទោះបីជាយ៉ាងណា ទាំងមេដឹកនាំដាណឺម៉ាក និងកោះ Greenland នៅតែបន្តអះអាងថា កោះនេះមិនមែនសម្រាប់លក់ទេ ហើយក៏មិនចង់ក្លាយជាផ្នែកមួយនៃទឹកដីសហរដ្ឋអាមេរិកនោះដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា