ក្រសួងរៀបចំដែនដីបញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបោះជំហានដ៏សំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការបញ្ចប់ក្តីកង្វល់ដែលកើតមានជាយូរមកហើយ របស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តក្រចេះ និងនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ទាក់ទិននឹងសុវត្ថិភាពនៃការកាន់កាប់ដីសហគមន៍ ដោយផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការប្រគល់ប័ណ្ណសមូហភាពនៅពេលនេះ នឹងរួមចំណែកបិទបញ្ចប់ភាពស្រពិចស្រពិលនានាលើការកាន់កាប់អចលនទ្រព្យ រវាងដីឯកជន និងដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់នូវមន្ទិល និងកង្វល់ផ្សេងៗរបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ និងធនាគារពិភពលោក អំពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។

ជាងនេះទៅទៀត ប័ណ្ណកម្មសិទ្ធិសមូហភាពនេះនឹងបង្កើនភាពជឿជាក់ និងភាពងាយស្រួលដល់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យ ឬដីសមូហភាពរបស់ជនជាតិដើមភាគតិច ដើម្បីប្រើប្រាស់ជាមូលធនសម្រាប់អាជីវកម្ម ឬវិនិយោគតាមតម្រូវការជាក់ស្តែង ដែលជួយបង្កើនឱកាសសេដ្ឋកិច្ច និងចំណូលគ្រួសារ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ដោយមោទនភាពថា ជារួមយើងបានបិទបញ្ចប់កង្វល់នៅក្នុងសង្គមជាតិរបស់យើង ទាក់ទិននឹងសុវត្ថិភាពនៃការកាន់កាប់អចលទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចកម្ពុជា ហើយនេះគឺជាគ្រឹះសំខាន់មួយសម្រាប់សុវត្ថិភាពសង្គម និងការបង្កើតដង្ហើមសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។

ប្រជាពលរដ្ឋសហគមន៍បានបង្ហាញភាពរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ឯកឧត្តម សាយ សំអាល់ និងក្រុមការងារ ដែលបានខិតខំបំពេញភារកិច្ចបញ្ចប់ក្តីកង្វល់របស់ពួកគាត់ តាមរយៈការប្រគល់ប័ណ្ណកម្មសិទ្ធិសមូហភាព ក្នុងគម្រោងបែងចែកដីសម្បទាន LASED III នៅពេលនេះ។

សូមបញ្ជាក់ថា ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន មានផ្ទៃដីសរុប ១១ ០៩៤ គីឡូម៉ែត្រការ៉េ មានប្រជាជនសរុបជាង ៤៥ម៉ឺននាក់ ក្នុងនោះមានជនជាតិដើមភាគតិចចំនួន ៧ ក្រុម គឺ ភ្នង កួយ ស្ទៀង ខោញ មិល ថ្មូន និងក្រោល ដែលរស់នៅក្នុងស្រុកសំបូរ ចិត្របុរី ស្នួល និងអូរគ្រៀងសែនជ័យ។

ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែគោរព និងលើកតម្កើងវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងជំរុញការធ្វើសមាហរណកម្ម ទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់បងប្អូនជនជាតិដើមភាគតិច ព្រោះកម្ពុជាគឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរនោះឡើយ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner