ពីអ្នកនាំដឹកនាំការស្រាវជ្រាវឯកសារខ្មែរក្រហម ក្លាយជាឯកអគ្គរាជ​ទូត​អមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ភ្នំពេញ៖ លោក ឆាំង យុ ដែលអ្នកផងស្គាល់ថា ជានាយកមជ្ឈ​មណ្ឌល​ឯកសារកម្ពុជា​និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត ត្រូវបាន​ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រមានឋានៈស្មើរដ្ឋមន្ត្រី ។
នេះបើយោងតាមព្រះរាជក្រឹត្យកាលពីថ្ងៃចន្ទទី១៩ ខែមករា ឆ្នាំ២០២៦។

ក្នុងវ័យជាង៦០ឆ្នាំ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា (“DC-Cam”)បានចំណាយពេល​ជិត៣០ឆ្នាំ​ក្នុង​ការដឹក​នាំប្រមូលរាល់ឯកសារសម័យកម្ពុជាប្រជាធិបតេយ្យ និងឯកសារ​ពាក់ព័ន្ធនឹងសម័យកម្ពុជាប្រជាធិបតេយ្យទាំងអស់នា​ចន្លោះ​១៩៧៥ដល់១៩៧៩។

លោកកាន់តែលេចឈ្មោះឡើង ក្នុងអំឡុងនៃដំណើរការកាត់​ទោសមេដឹកនាំខ្មែរក្រហមខ្ពស់ក្នុង​សំណុំរឿង០០១និង០០២​ចាប់ពីឆ្នាំ២០០៦ និងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២២​ដោយ​អង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ​.វ.ត.ក)ជាតុលាការកូន
កាត់ឬដែលនិយមហៅរត់មាត់ថា តុលាការខ្មែរក្រហម ដោយសារ​ឯកសារជាងកន្លះលានរបស់មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ត្រូវបានផ្តល់​ជូនតុលាការខ្មែរក្រហម ជាពិសេសការិយាល័យសហព្រះរាជអាជ្ញា​សម្រាប់​កសាង​សំណុំរឿង០០១ និង០០២ ក្នុងការជំនុំជម្រះ​ទោសមេដឹកនាំដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក ឆាំង យុ ត្រូវបាន​ព្រះមហា​ក្សត្រ​ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជាឯក​អគ្គរាជទូត​អមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រមានឋានៈស្មើរដ្ឋមន្ត្រី ។

សូមជម្រាបថា មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើត​ឡើង​ក្នុងឆ្នាំ១៩៩៥ ជាការិយាល័យស៊ើបអង្កេត​មួយនៃកម្មវិធី​ស្តីពីអំពើ​ប្រល័យពូជសាសន៍នៅកម្ពុជា នៃសាកលវិទ្យាល័យ យែល សហរដ្ឋអាមេរិក។ ក្រោមការដឹកនាំរបស់លោក ឆាំង យុ ជាអ្នករស់​រានមានជីវិតពីរបបខ្មែរក្រហម មជ្ឈមណ្ឌលនេះ បានក្លាយជា​ស្ថាប័នស្រាវជ្រាវឯករាជ្យនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧។មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាកន្លែងតម្កល់ឯកសារអំពីរបបកម្ពុជាប្រជាធិបតេយ្យធំបង្អស់នៅលើសាកលលោក។

មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូល និងដៅផែនទីគុកខ្មែរ​ក្រហមចំនួន១៩៦ រណ្តៅសាកសពចំនួន១៩.៤០៣ និងស្តូបរំឭក​អំពីអំពើប្រល័យពូជសាសន៍ចំនួន៨១ នៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលបានធ្វើការ ចំណាត់ប្រភទឯកសារខ្មែរក្រហមបឋម​ចំនួនប្រមាណ១៥៥.០០០ទំព័រ និងរូបថតជាង៦.០០០សន្លឹក។ប៉ុន្តែបណ្ណសារមួយផ្នែកធំរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មិនទាន់ត្រូវបានរៀបចំនៅឡើយទេ ក្នុងនោះរួមមានឯកសារ​បន្ថែមជាង៤០០.០០០សន្លឹក និងបរិក្ខាប្រភេទផ្សេងៗ​ជាច្រើន​ទៀត។

ជាមួយនឹងការទទួលស្គាល់ជាអន្តរជាតិជាច្រើន លោក ឆាំង យុ គឺកូនខ្មែរមួយរូបក្នុង​ចំណោម​៦​នាក់​មក​ពី​តំបន់​អាស៊ី ដែល​ទទួល​បាន​ពាន​រង្វាន់​ណូ​បែល​អាស៊ី ឆ្នាំ​២០១៨ ឬ ពាន​រង្វាន់ រ៉ាម៉ុន ម៉ាក្ស​សេយ៍​សេយ៍ ឆ្នាំ​២០១៨ ពី Ramon Magsaysay award Foundation នៃ​ប្រទេស​ហ្វីលីពីន​។ សម្រាប់​លោក ឆាំង យុ ការ​ទទួល​បាន​ពាន​រង្វាន់​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៧ យក​តាម​ឈ្មោះ​អតីត​ប្រធានា​ធិបតី​ហ្វីលីពីន​នេះ គឺ​ជា​សាក្សី​ថ្មី​ដែល​ថា យុត្តិ​ធម៌ និង​ប្រវត្តិ​សាស្ត្រ​នៅ​តែ​មាន​ជីវិត​៕

ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner