មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញការធ្វើបរិវត្តកម្មប្រព័ន្ធផ្សព្វផ្សាយ​ដើម្បីឆ្លើយតបយុគសម័យឌីជីថល

ភ្នំពេញ៖ ក្នុងបទអន្តរាគមន៍ស្តីពី «វឌ្ឍនភាពការងារនីតិកម្ម និងបរិវត្ត​កម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថលវិស័យព័ត៌មាន និង​សោតទស្សន៍» កាលពីថ្ងៃអង្គារទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន​បានគូសរំលេច​ថា ក្នុង​បរិបទដែល​បច្ចេកវិទ្យាសកលកំពុងអភិវឌ្ឍ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រព័ន្ធ​ផ្សព្វផ្សាយបានក្លាយជា​ឧបករណ៍​សំខាន់​​មួយក្នុងការផ្សព្វ​ផ្សាយ​ព័ត៌មាន និងភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ។ ដើម្បីឆ្លើយ​តបទៅនឹង​តម្រូវការ​នៃយុគសម័យឌីជីថល បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយត្រូវការ​ការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មជាបន្តបន្ទាប់ ដើម្បីធានាឱ្យ​ប្រជាពលរដ្ឋអាចទទួលបានព័ត៌មានបានឆាប់រហ័ស ត្រឹមត្រូវ និងគ្រប់ទីកន្លែង។

ក្នុងបទអន្តរាគមន៍ដែលបានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ​ឆ្នាំ២០២៦របស់​ក្រសួងព័ត៌មាន ឯកឧត្តម ហួត ឃាងវេង បានទាញអារម្មណ៍អ្នក​ចូលរួម​ដែលសុទ្ធសឹងជាមន្រ្តីព័ត៌មានថា ការធ្វើទំនើបកម្ម​ប្រព័ន្ធផ្សព្វ​ផ្សាយ គឺជាកត្តាចម្បងមួយក្នុងការពង្រឹងប្រសិទ្ធភាពការ​ផ្សព្វផ្សាយ​ព័ត៌មាន និងការបម្រើប្រជាពលរដ្ឋ ឱ្យសមស្របនឹងបរិបទសង្គម​ទំនើប។

ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនត្រឹមតែជួយបង្កើនភាព​ងាយ​ស្រួលក្នុងការទទួលបានព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជួយលើកកម្ពស់គុណភាពមាតិកាព័ត៌មាន និងកម្សាន្តឱ្យស្រប​តាមការផ្លាស់ប្តូររបៀបរស់នៅ និងទម្លាប់ប្រើប្រាស់បច្ចេកវិទ្យា​របស់​ប្រជាពលរដ្ឋជាពិសេសយុវជន។ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់​បន្ថែម។

ទន្ទឹមនេះ ឯកឧត្តម ហួត ឃាងវេង បានផ្តោតសំខាន់លើការធានាឱ្យ​សាធារណជនទទួលបានព័ត៌មានពិតប្រាកដ មានប្រភព​ច្បាស់លាស់ និងមានគុណភាពខ្ពស់ ខណៈដែលបញ្ហាព័ត៌មានក្លែងក្លាយ និង​ព័ត៌មាន​បំភាន់ កំពុងរីករាលដាលយ៉ាងទូលំ​ទូលាយ​តាមបណ្តាញ​សង្គម និងវេទិកាឌីជីថលផ្សេងៗ។ឯកឧត្តមបានបញ្ជាក់ថា ការ​គ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺជាការងារ​ចាំបាច់ និងទាម​ទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

តើអ្វីក្រសួងព័ត៌មានបានធ្វើអ្វីខ្លះក្នុងបរិបទបែបនេះ?ឯកឧត្តម​រដ្ឋលេខាធិការបានអធិប្បាយថា​ដើម្បីឆ្លើយតបនឹងបញ្ហា​ប្រឈម​ទាំងនេះ ក្រសួងព័ត៌មានកំពុងអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគ្រប់​គ្រងការផ្សាយមាតិកា និងពាណិជ្ជកម្មឌីជីថល ព្រមទាំងការកសាង​ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងការទុកចិត្ត​ពី​សាធារណជន។លើសពីនេះការពង្រឹងសមត្ថភាពធនធាន​មនុស្ស​ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវបានចាត់ទុកថា ជាផ្នែក​មួយដ៏សំខាន់នៃការធ្វើបរិវត្តកម្មឌីជីថលផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើបរិវត្តកម្មប្រព័ន្ធផ្សព្វផ្សាយ​ឌីជីថល​នេះ ត្រូវបានចាត់ទុកថា ជាជំហានយុទ្ធសាស្ត្រសំខាន់ ក្នុងការលើក​កម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ឱ្យមានភាពទំនើបស្របតាម​ការរីកចម្រើននៃបច្ចេកវិទ្យាសកល និងរួម​ចំណែកជំរុញការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រកបដោយចីរភាព៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner