មេដឹកនាំ ម៉ិកស៊ិក ចេញមុខបន្ធូរក្តីបារម្ភដល់ពលរដ្ឋ ខណៈ អាមេរិក បង្កើនការគំរាមផ្នែកយោធា

ម៉ិចស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានចេញមុខបន្ធូរបន្ថយទុក្ខកង្វល់ទៅដល់ប្រជាពលរដ្ឋ បន្ទាប់ពីយោធាអាមេរិកចេញចំណាត់ការចំនួន ២ មកលើតំបន់នៅជិតខាងប្រទេសម៉ិកស៊ិក ចាប់តាំងពីមានការវាយប្រហារលើវេណេស៊ុយអេឡា ។

បើតាមលោកស្រី Sheinbaum រដ្ឋាភិបាលអាមេរិកបានផ្តល់ការធានាជាលាយលក្ខណ៍អក្សរមកកាន់ប្រទេសម៉ិកស៊ិកមកថា នឹងគ្មានជើងហោះហើរយោធាអាមេរិកណាមួយហោះហើរពីលើទឹកដីនៃប្រទេសម៉ិកស៊ិកនោះទេ ។

លោកស្រីថា គិតមកទល់ពេលនេះ រដ្ឋាភិបាលអាមេរិកមិនបានផ្តល់ឱ្យប្រទេសម៉ិកស៊ិក នូវការជូនដំណឹងជាមុន អំពីប្រតិបត្តិការយោធាណាមួយឡើយ ដូច្នេះពលរដ្ឋមិនគួរមានការព្រួយបារម្ភនោះទេ ។

បើតាមសារព័ត៌មាន CNA, រដ្ឋាភិបាលអាមេរិកបានផ្តល់ភាពច្បាស់លាស់ សម្រាប់ទីតាំងដែលខ្លួនធ្វើប្រតិបត្តិការ ហើយអាជ្ញាធរម៉ិកស៊ិកក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយនិយាយថា ការណែនាំរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ពុំមានផលប៉ះពាល់ដល់ប្រទេសម៉ិកស៊ិកនោះឡើយ ។

ក្តីបារម្ភរបស់ប្រជាជនម៉ិកស៊ិកបានផុសផុលឡើង ក្រោយអាមេរិកជំរុញឱ្យប្រតិបត្តិករយន្តហោះអាមេរិកមានការប្រុងប្រយ័ត្ន នៅពេលហោះហើរលើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត នៅជិតប្រទេសម៉ិកស៊ិក អាមេរិកកណ្តាល និងផ្នែកមួយចំនួននៅអាមេរិកខាងត្បូង ដោយលើកឡើងពីសកម្មភាពយោធា ។

លោកប្រធានាធិបតី Donald Trump ប្រកាសកាលពីថ្ងៃទី៨ ខែមករាថា អាមេរិកកំពុងត្រៀមលក្ខណៈបើកការវាយប្រហារយោធាតាមជើងគោក ប្រឆាំងនឹងក្រុមបណ្តាញជួញដូរគ្រឿងញៀន ដោយក្នុងនោះ លោកបានបញ្ជាក់ចំៗថា ប្រទេសម៉ិកស៊ិកគឺជាគោលដៅចម្បង ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រតិបត្តិការ «Absolute Resolve» ដែលជាការវាយឆ្មក់យោធាដ៏ធំរបស់អាមេរិក កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ដែលឈានទៅដល់ការចាប់ខ្លួនលោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolás Maduro និងភរិយាគឺលោកស្រី Cilia Flores នៅក្នុងទីក្រុងការ៉ាកាស ។ បច្ចុប្បន្ន អ្នកទាំងពីរត្រូវបានឃុំខ្លួននៅទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ៕

ប្រភព ៖ CNA និង CNBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner