លោក ត្រាំ ប្រកាសមិនចូលរួមកិច្ចប្រជុំ G7 ដែលស្នើឡើងដោយលោកម៉ាក្រុង

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនចូលរួម ក្នុងកិច្ចប្រជុំ G7 នៅប៉ារីស ដែលត្រូវបានស្នើឡើងដោយលោក ម៉ាក្រុង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយថា លោកនឹងមិនចូលរួមកិច្ចប្រជុំបន្ទាន់ នៃបណ្តាប្រទេស មានសេដ្ឋកិច្ចរីកចម្រើនទាំង៧ លើពិភពលោក ឬ G7 ដើម្បីពិភាក្សាអំពីសង្គ្រាម នៅអ៊ុយក្រែនទេ។ ជាកិច្ចប្រជុំ ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ប៉ុន្តែ ក្រោយមក មេដឹកនាំបារាំង រូបនេះ បាននិយាយថា នឹងមិនប្រព្រឹត្តទៅ នៅសប្តាហ៍នេះទេ។

លោក Trump ត្រូវបានសួរ នៅឯសេតវិមាន អំពី “សារឯកជន” ពីមេដឹកនាំបារាំង – ស្នើឱ្យមានការប្រមូលផ្តុំ G7 បន្ទាន់ នៅទីក្រុងប៉ារីស – ដែលមេដឹកនាំអាមេរិក រូបនេះ បានបង្ហោះ នៅលើបណ្តាញសង្គម Truth របស់លោក កាលពីថ្ងៃអង្គារ។ នៅពេលសួរថា តើលោកនឹងបើកចំហ សម្រាប់កិច្ចប្រជុំបែបនេះ ឬអត់ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «ទេ ខ្ញុំនឹងមិនធ្វើវាទេ»។

បញ្ហារវាងលោក ត្រាំ និង លោកម៉ាក្រុង បន្តឡើងកម្តៅ ក្រោយពេលបារាំងដឹកនាំអឺរ៉ុប ប្រឆាំងនឹងមហិច្ឆតារបស់លោក ត្រាំ ចង់លេបយកតំបន់ Greenland។ ចុងក្រោយនេះ លោក ត្រាំ គំរាមដាក់ពន្ធលើស្រាក្រហម និងស្រាសំប៉ាញបារាំង ២០០% ក្រោយពេលបានដឹងថា លោក ម៉ាក្រុង ទាត់ចោលការអញ្ជើញឲ្យចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមឡើង ដោយលោក ត្រាំ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner