ប្រធានាធិបតីអ៊ីរ៉ង់ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បរាជ័យក្នុងការបង្កភាពចលាចលនៅ អ៊ីរ៉ង់

តេហេរ៉ង់ ៖ មេដឹកនាំអ៊ីរ៉ង់និយាយថា ភាពចលាចលដែលបានកើតឡើងទូទាំងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក គឺជាការញុះញង់ដែលបរាជ័យបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ។

បើតាមសារព័ត៌មានស៊ីនហួរ, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងបែបនេះ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីថ្ងៃចន្ទ ។

លោកប្រធានាធិបតី Pezeshkian បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអ៊ីរ៉ង់ប្តេជ្ញាលើកកម្ពស់ការបង្រួបបង្រួមជាតិ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងចំណោមក្រុមនយោបាយ គណបក្ស ជាតិសាសន៍ និងសាសនាអ៊ីរ៉ង់ទាំងអស់ ព្រមទាំងទំនាក់ទំនងជាមួយរដ្ឋជិតខាង និងរដ្ឋមូស្លីមនានា ។

នាឱកាសនោះ មេដឹកនាំអ៊ីរ៉ង់មានវ័យ៧២ឆ្នាំរូបនេះ ក៏បានកោតសរសើរផងដែរចំពោះកិច្ចប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ ។

ហើយជាការឆ្លើយតបនោះ លោកនាយករដ្ឋមន្រ្តី Sharif បាននិយាយថា អ៊ីរ៉ង់គឺជា “ប្រទេសដ៏សំខាន់ និងមានឥទ្ធិពលនៅក្នុងតំបន់” ហើយបានសង្កត់ធ្ងន់ថា ប៉ាគីស្ថានបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីជួយកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហានៅក្នុងតំបន់ ។

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner