រុស្ស៊ី ចេញមុខរិះគន់ធ្ងន់ៗជាថ្មីថា អាមេរិកបានប្រព្រឹត្តិ “ទង្វើឈ្លានពានប្រដាប់អាវុធ” លើវេណេស៊ុយអេឡា

មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានចេញមុខរិះគន់ធ្ងន់ៗម្តងទៀតថា ការវាយប្រហារដោយយោធាទ្រង់ទ្រាយធំរបស់អាមេរិកលើវេណេស៊ុយអេឡា បានបង្កើតរូបភាពជា “ការឈ្លានពានប្រដាប់អាវុធ” ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ កាលពីថ្ងៃអង្គារថា ចាប់ផ្តើមឆ្នាំ ២០២៦ភ្លាម យើងបានមើលឃើញព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក នោះការឈ្លានពានដោយប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរពីសំណាក់អាមេរិកចូលទៅក្នុងទឹកដីវេណេស៊ុយអេឡា ។

ហើយជាលទ្ធផលនោះ ការលុកលុយដ៏គឃ្លើននេះ បានបណ្តាលឱ្យមនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួស ក៏ដូចជាការរឹបអូសធនធានប្រេង និងការចាប់និរទេសប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់គាត់ ។

អ្នកការទូតជើងចាស់មានវ័យ ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បន្ទាប់ពីវេណេស៊ុយអេឡា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថែមទាំងបានប្រកាសសម្លុតគំរាមប្រឆាំងគុយបា និងបណ្តាប្រទេសអាមេរិកឡាទីន រួមទាំងនៅតំបន់ការ៉ាប៊ីនផ្សេងទៀត ក៏ដូចជាការគំរាមកំហែងបង្កអស្ថិរភាពដល់ប្រទេសអ៊ីរ៉ង់ផងដែរ ។

សូមរម្លឹកថា យោធាអាមេរិកបានធ្វើប្រតិបត្តិការមួយ កាលពីថ្ងៃទី៣ ខែមករា ដោយរួមមានយន្តហោះប្រហែល ១៥០គ្រឿងដឹកកងកម្លាំងពិសេស និងភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយា ។

បើតាមសារព័ត៌មាន Aljazeera, ប្រតិបត្តិការនៅពេលនោះ បានសម្លាប់មនុស្សប្រមាណ ៨៣នាក់ និងច្រើនជាង ១១២នាក់ទៀតរងរបួស ខណៈដែលមេដឹកនាំវេណេស៊ុយអេឡា និងភរិយារបស់គាត់ នឹងត្រូវប្រឈមមុខនូវការចោទប្រកាន់ពីបទប្រើប្រាស់អាវុធ និងគ្រឿងញៀននៅក្នុងតុលាការសហព័ន្ធមែនហាតាន់ នៃទីក្រុងញូវយ៉ក ៕

ប្រភព ៖ ស៊ីនហួរ និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner