ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញពលរដ្ឋកុំបង្ហោះដ្រូនឆ្លងចូលទឹកដីកូរ៉េខាងជើង

សេអ៊ូល ៖ មេដឹកនាំកូរ៉េខាងត្បូងបានប្រកាសអំពាវនាវឱ្យពលរដ្ឋខ្លួនកុំបង្ហោះយន្តហោះដ្រូនឆ្លងចូលទៅក្នុងទឹកដីកូរ៉េខាងជើង ដើម្បីជៀសវាងការយល់ច្រលំណាមួយ ដែលអាចឈានដល់ការប៉ះទង្គិចគ្នាដោយចៃដន្យ ។

ការអំពាវនាវនេះកើតឡើងស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានអះអាងថា ជនស៊ីវិលម្នាក់ប្រហែលជាមនុស្សនៅពីក្រោយ ការបញ្ជាយន្តហោះដ្រូនឆ្លងចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងជើង ។

លោកប្រធានាធិបតី លី បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា បុរសម្នាក់នោះក៏បានសារភាពកំហុស នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយដែរថា គាត់គឺជាអ្នកបង្ហោះដ្រូនចូលទៅក្នុងទឹកដីកូរ៉េខាងជើង ចាប់តាំងពីខែកញ្ញាឆ្នាំមុន ។

ទោះបីជាយ៉ាងណា លោក លី ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានណែនាំរដ្ឋមន្ត្រីការពារជាតិ ឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅជិតខ្សែបន្ទាត់ព្រំដែនយោធា ជាពិសេសយន្តហោះដ្រូន និងវត្ថុអាចហោះហើរនានា ។

ជុំវិញបញ្ហានេះ កូរ៉េខាងជើងបានបាញ់ទម្លាក់យន្តហោះដ្រូនដែលសង្ស័យជារបស់កូរ៉េខាងត្បូងទាំងនោះ កាលពីខែកញ្ញាឆ្នាំមុន និងនៅថ្ងៃទី៤ ខែមករាឆ្នាំនេះ ដោយសារតែពួកវាបានហោះឆ្លងចូលទៅក្នុងដែនអាកាសរបស់ទីក្រុងព្យុងយ៉ាង ។

ក្រៅពីបាញ់ទម្លាក់ កូរ៉េខាងជើងថែមទាំងបានទាមទារឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងចេញមុខសុំទោស ចំពោះការឈ្លានពាននេះ និងត្រូវចាត់វិធានការទប់ស្កាត់ ដើម្បីការពារកុំឱ្យបញ្ហានេះកើតឡើងសារជាថ្មី ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner